ឯកឧត្តម ហ៊ុន ម៉ានី៖ការបត់បេះដូងច្រើនមិនមែនបំបែកឯកទគ្គកម្មពិភពលោកមួយមុខទេ តែបង្ហាញពីស្មារតីខ្មែរតែមួយ
អុន សម្ផស្ស
08 មីនា 2023 05:00 AM

រាជធានីភ្នំពេញ៖  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ ថា គោលបំណងនៃការបត់បេះដូងច្រើនមិនមែនគ្រាន់តែផ្តោតសំខាន់ទៅការបំបែកឯកទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែការបត់បេះដូងនេះបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះការបត់បេះដូងបានបង្ហាញអំពីក្ដីស្រឡាញ់ និងការគាំទ្រដោយគ្មាន លក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការបំបែកឯកទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការបត់បេះដូង បំបែកឯកទគ្គកម្មពិភពលោក គឺជាការចូលរួមចំណែករបស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ហើយគោលបំណងនៃការបត់បេះដូងនេះ មិនមែនគ្រាន់តែផ្តោតសំខាន់ទៅការបំបែកឯកទគ្គកម្មពិភពលោកតែមួយមុខនោះទេ ដោយនេះជាការ បង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី នឹងក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូចតែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)។ ដោយការបង្កើតវេទិកាដែលយើងគិតថាអាចទាក់ទាញការចូលរួម និងមួយផ្នែកទៀតជាការផ្សព្វផ្សាយពីកម្ពុជាទៅ ក្រៅប្រទេស ពីសក្តានុពលនានា ក៏ដូចជាគុណតម្លៃរបស់កម្ពុជា និងប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិយុទ្ធនាការ #BeyondTheGames ក៏បានលើកឡើងថា គោលបំណងនៃការបត់បេះដូងនេះ គឺដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងនោះការបត់បេះដូងនេះទៀតសោត ជាការបង្ហាញពីទំហំទឹកចិត្ត និងសេចក្តីស្រឡាញ់គាំទ្រដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ ហើយក៏ជាឱកាសសម្រាប់សាធារណជន និងវិស័យឯកជន ចូលរួមបរិច្ចាគគាំទ្រដោយផ្ទាល់ដល់កីឡាករ-កីឡាការិនីកម្ពុជា។

លើសពីនេះទៅទៀត បេះដូងដែលទទួលបានពីការចូលរួមបំបែកឯកទគ្គកម្មនេះ នឹងត្រូវយកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៣ បន្ទាប់មកបេះដូងទាំងនោះ នឹងយកទៅដាក់បង្ហាញក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត