ឯកឧត្តម ហ៊ុន ម៉ានីដាស់តឿនឱ្យយុវជនខិតខំរៀនសូត្រពីគម្រូល្អរបស់ថ្នាក់ដឹកនាំ
SBM News
23 មករា 2022 12:00 PM

ខេត្តកំពត៖ នៅចំពោះមុខ សមាជិក សមាជិកា រាប់រយនាក់ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ក្នុងនាមជា សមាជិក សមាជិកា សម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា [ស.ស.យ.ក.] ជាយុវជនត្រូវបន្តវេន ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបន្ថែមទៀត ឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាភារកិច្ចទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា សមាជិក សមាជិកា ទាំងអស់ មិនត្រឹមតែធ្វើការងារសង្គម និងការងារមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបន្ថែមទៀត ឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងរបស់ប្រធានាសហភាពសហព័ន្ធយុវជនកម្ពុជាដូច្នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តម លើកទឹកចិត្តឱ្យពួកគេខិតខំរៀនសូត្រពីគម្រូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ទាំងការគិត និងការអនុវត្តការងារ។  ឯកឧត្តម បានមានប្រសាសន៍ថា៖ «ការស្តាប់ សង្កេត និងរៀនសូត្រពីបទពិសោធរបស់ថ្នាក់ដឹកនាំ នឹងអនុញ្ញតឱ្យយើងបានស្វែងយល់ពីំវិធីសាស្ដ្រនៃការឆ្លើយតប និងដោះស្រាយនូវបញ្ហានានា ប្រកបដោយសិល្បៈ និងភាពបត់បែនទៅតាមកាលៈទេសៈ។ មេរៀនទាំងអស់នេះ ពិតជាមានសារសំខាន់ក្នុងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ដើម្បីប្រើប្រាស់ក្នុងគិតគូរ ការសម្រេចចិត្ត និងការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ»

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សមាជិក សមាជិក ស.ស.យ.ក. តាមមូលដ្ឋាននីមួយៗ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ «សកម្មភាពទាំងអស់ដែលចេញពីការលះបង់របស់ស.ស.យ.ក.ទូទាំងប្រទេស បាននាំមកនូវការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយសាធារណជនទៀតសោត ក៏បានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋានយើង ទៅនឹងសកម្មភាពល្អ និងភាពវិជ្ជមានសម្រាប់សង្គម»។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងស្មារតី សម្ភារ និងថវិកា របស់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពតទាំងអស់​ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ ការបណ្ដុះបណ្ដាលយ៉ាងសកម្ម ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដែលរួមចំណែកក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត