ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចំណុចរួមជុំវិញរឿងរ៉ាវលោក ឯម រៀម
អុន សម្ផស្ស
20 មីនា 2023 07:45 AM

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ស្វែងរកចំណុចរួមជុំវិញការជជែកវែកញែករឿងរ៉ាវអ្នកច្នៃម៉ូត លោក ឯម រៀម ដើម្បីចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។

សាររបស់ឯកឧត្តមលើកឡើងយ៉ាងដូចច្នេះ គឺបន្ទាប់ពីឯកឧត្តមបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ពាក់ព័ន្ធនឹងការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាព «សម្លៀកបំពាក់ដោយច្នៃចេញពីហូលខ្មែរ» បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីដើកម្រាលព្រំក្រហមដែលរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយរួចមក។ យ៉ាងណាមិញ ឯកឧត្តមយល់ឃើញថា ការបញ្ចេញទស្សនៈទាំងនោះពិតជាមានតម្លៃ ប៉ុន្តែទន្ទឹមនឹងនោះឯកឧត្តមថាមិនគួរឱ្យការបញ្ចេញយោបល់ទាំងនោះក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយកើតមានក្នុងសង្គមយើងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត