ថៃចង់ចុះបញ្ជីកម្មសិទ្ធិបញ្ញាលើខោអាវរូបដំរីដែល៧០ភាគរយផលិត​នៅ​ចិន កុំឱ្យមានការលួចចម្លង
ម៉េងហុង
20 កុម្ភៈ 2024 03:15 AM

បាងកក៖ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ដើម្បីប្រែក្លាយខោអាវដែលមានរូបដំរី ទៅជានិមិត្តសញ្ញាតំណាងជាតិសម្រាប់ភ្ញៀវទេសចរបរទេស បានបង្កើតឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្ដៅគគុកក្នុងចំណោមសង្គមប្រជាជនថៃ ដែលចោទជាសំណួរថា តើសម្លៀកបំពាក់ខោជើងវែងមួយប្រទេសនេះ អាចត្រូវបានគេចាត់ទុកជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសថៃឬយ៉ាងណា បើទំនិញដែលត្រូវបានលក់នៅពាសពេញផ្ទៃប្រទេសមួយនេះ មាន៧០ភាគរយត្រូវគេផលិត​នាំមកពី​ប្រទេស​ចិន...? 

លំហូរចូលខោដំរីផលិតក្នុងប្រទេសចិនដែលមានតម្លៃថោក បានធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។ បញ្ហានេះធ្វើឱ្យមានការពិភាក្សាគ្នាថា តើថៃគួរបញ្ជាក់លើការចុះបញ្ជីនៃកម្មសិទ្ធិបញ្ញាដែរឬទេ? ប្រភេទខោជើងវែងស្រាល ទន់ងាយស្រួលស្លៀក ដែលតែងឃើញគេដាក់លក់នៅតាមផ្លូវ និងជាទីពេញនិយមក្នុងចំណោមក្រុមអ្នកទេសចរបរទេសមួយចំនួននៅប្រទេសថៃ។ ខោអាវរូប​ដំរី​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​យ៉ាងដូច្នេះ​ ក៏ដោយ​សារ​ការ​បោះពុម្ព​របស់​វា លំនាំ​ដំរី​ពណ៌​ខៀវ ក្រហម និង​ពណ៌​ផ្សេង​ទៀត។ សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ថោក ​គឺ​មាន​ការ​ពេញ​និយម​ដោយ​អ្នក​ទេសចរ​ដែល​ដើរ​លេង​នៅ​តំបន់ខៅសាន Khao San Road ក្នុង​រាជធានី​បាងកក ដែលអ្នកទេសចរទាំងនោះបានទិញសម្លៀកបំពាក់មួយប្រភេទនេះសម្រាប់ការដើរលេងកម្សាន្ត​ ព្រោះ​ចំណាយតិច និងមានភាពងាយស្រួលស្លៀកពាក់។

ទោះយ៉ាងណា រាជរដ្ឋាភិបាលថៃ គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយនៅចុងខែកុម្ភៈ ដែលបេក្ខជនត្រូវព្យាយាមបំបែកឯកទគ្គកម្មពិភពលោកហ្គីណេស៍ Guinness សម្រាប់អ្នកដែលស្លៀកខោដំរីបានច្រើនបំផុតក្នុងរយៈពេលមួយនាទី។ ការ​ប្រកួត​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់រាជ​រដ្ឋាភិបាល​ ដើម្បីជំរុញ​អំណាច​ស្រទន់​របស់​ប្រទេស​ថៃ។ ប៉ុន្តែ​ភ្លាមៗ​នោះ ប្រជាជន​ថៃ​បានប្រតិកម្ម ដោយ​ចង្អុល​បង្ហាញ​ថា រូប​តំណាង​នៃ​វប្បធម៌​ថៃ​ទាំងនេះ ភាគច្រើន​ត្រូវបាន​គេ​ផលិត​នៅ​ប្រទេស​ចិន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា ប្រហែល៧០ភាគរយនៃខោដំរី កំពុងចរាចរនៅក្នុងប្រទេសថៃ បានមកពីប្រទេសចិន មិនមែនទឹកដីថៃនោះទេ។ ខណៈដែលខោអាវដំរីផលិតនៅប្រទេសថៃ មានតម្លៃប្រហែល១០០បាត (ប្រហែល២,៨០ដុល្លារ) ចិនក៏អាចផលិតបាន មានតម្លៃពាក់កណ្តាលនេះប៉ុណ្ណោះ។ ប្រការនេះត្រូវបានពលរដ្ឋរិះគន់ថា ទោះបីជាមានតម្រូវការកើនឡើងសម្រាប់ខោអាវដំរីក៏ដោយ តែក្រុមហ៊ុនផលិតរបស់ចិនដែល​​​​កំពុងប្រមូលប្រាក់ចំណេញ។ ហេតុផល​មួយ​ដែលធ្វើ​ឱ្យបែបនេះ គឺ​ភាពព្រងើយកន្តើយរបស់​ថៃ​ក្នុង​នឹង​ការបង្កើតកម្មសិទ្ធិបញ្ញាតំណាងជាតិ។

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ភូមថាំ វេចយ៉ាឆៃ (Phumtham Wechayachai) បានទទូចថា៖«គំរូដំរីត្រូវបានរក្សាសិទ្ធិ ហើយរាជរដ្ឋាភិបាលកំពុងពិចារណាលើស្លាកធានាគុណភាព និងការធានាម៉ាក ទោះបីជាមានការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃវិធានការទាំងនេះក៏ដោយ»។ ទន្ទឹមគ្នានោះ លោកនាយក​រដ្ឋមន្ត្រី ​ សេដ្ឋា ថាវីស៊ីន​ បាន​លើកឡើងពីដំណោះស្រាយមួយទៀត​ ដោយ​សង្កត់​ធ្ងន់​ថា ​ប្រទេស​ថៃ​គួរ​តែ​ដោះស្រាយ​បញ្ហា​មូលដ្ឋាន​ដូច​ជា​ការ​យល់​ដឹង​ពី​ការ​ការពារ​កម្មសិទ្ធិបញ្ញា។ គូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មទេសចរណ៍របស់ខ្លួន ដែលមានចំនួនជិត២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) មុនពេលជំងឺរាតត្បាតកូវីដ-១៩។

 លោក ភូមថាំ វេចយ៉ាឆៃ 
 លោក ភូមថាំ វេចយ៉ាឆៃ 

យោងតាមក្រសួងទេសចរណ៍ និងកីឡា ភ្ញៀវទេសចរបរទេសប្រមាណ២៨លាននាក់ បានទៅវិស្សមកាលនៅប្រទេសថៃក្នុងឆ្នាំ២០២៣ ដែលតួលេខនេះស្មើនឹងប្រហែល៧០ភាគរយនៃឆ្នាំ២០១៩។ ដើម្បីទាក់ទាញចំនួនអ្នកទេសចរ៣០ភាគរយមកវិញ ថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការផ្សព្វផ្សាយវប្បធម៌មួយ។ គំនិតនេះ គឺដើម្បីជួយផ្នែកដែលមើលរំលងពីមុននៃវប្បធម៌ថៃ ទទួលបានអ្នកគាំទ្រអន្តរជាតិ ដែលយកគំរូតាម K-pop មានសម្រាប់កូរ៉េខាងត្បូង និងសមាគមបាល់បោះជាតិមានសម្រាប់សហរដ្ឋអាម៉េរិក។ ឆ្ពោះទៅរកគោលដៅនោះ ទិដ្ឋាការពិសេស កំពុងត្រូវបានពិចារណាសម្រាប់ជនបរទេសដែលចង់ចំណាយពេលដល់ទៅ៣ខែនៅក្នុងប្រទេស ដើម្បីទៅសាលាធ្វើម្ហូប ឬចូលរួមជំរំប្រដាល់មួយថៃ។ ចំណែកខោអាវដំរីវិញ ក៏រាជរដ្ឋាភិបាលកំពុងគិតគូរដូចគ្នាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត