គ្រូភ្នំពេញក្រោន បញ្ជាក់ពីរបួសរបស់ អង់ដ្រេ ណេតូ បន្ទាប់ពីប៉ះទង្គិចជាមួយក្រុមទ័ពកាលពីយប់មិញ
Serichopon Ye
19 កុម្ភៈ 2024 06:45 AM

(បាល់ទាត់)៖ លោក អាណាតូលី ប៊ុនដារ៉េនកូ Anatolii Bondarenko ដែលជាគ្រូជំនួយរបស់ក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធដ៏សំខាន់របស់ក្រុមសិង្ហក្រហម គឺ កីទ្បាករអង់ដ្រេ ណេតូ Andrés Nieto បានរងរបួសជង្គង់ ក្នុងជំនួបតទល់នឹងក្រុម Tiffy Army FC ក្នុងលទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Smart RSN នៃការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី២១ កាលពីយប់មិញ...។

កីឡាករ អង់ដ្រេ ណេតូ ត្រូវបានបង្ខំចិត្តដើរចេញពីទីលានត្រឹមនាទី៤៣ ក្នុងតង់ទី១ បន្ទាប់ពីរងរបួសជង្គង់ ជំនួសមកវិញដោយកីទ្បាករឌែលនីសុន រ៉ូឌ្រីហ្គេស Denilson Rodrigues។ យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ ក្រោយពីបញ្ចប់ការប្រកួត លោក អាណាតូលី ប៊ុនដារ៉េនកូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖«អង់ដ្រេ ណេតូ បានរងរបួសជង្គង់ ដោយសារការប៉ះទង្គិចគ្នាជាមួយកីទ្បាករ Tiffy Army FC។ ខ្ញុំក៏មិនទាន់ច្បាស់ទេថា អង់ដ្រេ ណេតូ អាចនឹងអវត្តមានប៉ុន្មានសប្តាហ៍ទេ។ ដូច្នេះ យើងត្រូវរង់ចាំមើលការស្កេនជាមុនសិន ទើបអាចដឹងច្បាស់ពីលទ្ធផល។» 

សូមបញ្ជាក់ថា កីឡាករ អង់ដ្រេ ណេតូ គឺជាតួអង្គដ៏សំខាន់មួយសម្រាប់ក្រុមភ្នំពេញក្រោន ក្នុងការរួមចំណែកជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤។ មិនត្រឹមតែប៉ុណ្ណោះ កាលពីរដូវកាលមុន រូបគេក៏បានជួយក្រុមឈ្នះពានរង្វាន់លីគ ២រដូវកាលជាប់ៗគ្នា រួមទាំង Cambodia Super Cup និង Cambodia League Cup ចំនួន២លើកផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីយកឈ្នះលើ Tiffy Army FC ២-១ ក្រុមសិង្ហក្រហមភ្នំពេញក្រោន នៅតែបន្តប្រដេញតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមលេខ១ក្នុងលីគចំនួន៥ពិន្ទុដដែល ដោយព្រះខ័នរាជស្វាយរៀងមាន៥៣ពិន្ទុ បន្ទាប់ពីយកឈ្នះលើណាហ្គាវើលដ៍ ៤-៣ ដូចគ្នា កាលពីយប់មិញ៕




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត