
(បាល់ទាត់)៖ ចាប់តាំងពីផ្ទេរចូលមក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធ Jelle Goselink (ជេលី ហ្គូស៊ែលីង) នៅមិនទាន់បង្ហាញខ្លួនសូម្បីតែមួយប្រកួតទ្បើយឱ្យក្លិបបាល់ទាត់ភ្នំពេញក្រោនមិនថាពានរង្វាន់មួយណាទេ និងសូម្បីតែ AFC Cup។ នេះក៏ដោយសារកីឡាករសញ្ជាតិហូឡង់រូបនេះ មានបញ្ហារបួសសាច់ដុំ។

អ្នកគាំទ្ររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនជាច្រើននាក់ កំពុងទន្ទឹងរង់ចាំមើលទម្រង់លេងរបស់កីឡាករអឺរ៉ុបរូបនេះ ជាពិសេសសម្រាប់ការប្រកួតសំខាន់ៗក្នុងលីគ និង AFC Cup ជាដើម។ ខ្សែប្រយុទ្ធ Jelle Goselink បានផ្ទេរមកកាន់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Borneo Samarinda នៃក្របខណ្ឌលីគកំពូលឥណ្ឌូណេស៊ី រហូតដល់បញ្ចប់រដូវកាលនេះ។

យ៉ាងណា បញ្ហាខាងលើនេះលោក អូឡេក ស្តារីនស្គី ដែលជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានថ្លៃងប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះលើក្រុមភ្ញៀវអង្គថាយហ្គឺរ ៣-២ នៅឯកីទ្បដ្ឋាន Smart RSN ថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នា ក៏ដូចជាអ្នកគាំទ្ររបស់ក្រុម រំភើបចង់ឃើញការបង្ហាញខ្លួនរបស់កីទ្បាករចំណូលថ្មីនេះ។ ប៉ុន្តែយើងមិនអាចបង្ខំចិត្តដាក់កីទ្បាករកំពុងមានរបួសបានទ្បើយ»។ លោកបន្តទៀតថា៖ «ខ្ញុំក៏មិនចង់មានការរំពឹងទុកបន្ថែមទៀតទៅកាន់ក្រុមអ្នកគាំទ្រ ជុំវិញរឿងបង្ហាញខ្លួនកីទ្បាកររូបនេះ ដោយសារខ្ញុំមិនអាចប្រាប់ពេលវេលាជាក់លាក់ណាមួយទ្បើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថាគេអាចបង្ហាញខ្លួននៅលើទីលានបានឆាប់ៗនៅពេលក្រុមគ្រូពេទ្យរបស់ក្លិបអនុញ្ញាតឱ្យរូបគេចូលលេង ដូចគ្នាទៅនឹងកីទ្បាករ ជួន ចាន់ចាវ ផងដែរ។ ដូច្នេះហើយ ខ្ញុំមិនចង់ផ្តល់ក្ដីរំពឹងទុកផ្សេងៗទៀតទ្បើយ។ ប៉ុន្តែ សម្រាប់កីទ្បាករ ជេលី ហ្គូស៊ែលីង កំពុងតែដំណើរការមើលថែខ្លួន ក៏ដូចជាហ្វឹកហាត់បានយ៉ាងល្អជាមួយក្រុម។ ការអវត្តមានរបស់កីទ្បាករខាងលើនេះដោយសាររូបគេមានបញ្ហាសាច់ដុំ ហើយរូបគេក៏ត្រូវពេលវេលាបន្ថែមទៀត ដើម្បីព្យាបាលរបួសរបស់គេ»។

គួរបញ្ជាក់ថា បន្ទាប់ពីយកឈ្នះលើក្រុមភ្ញៀវអង្គថាយហ្គឺរ ៣-២ ក្រុមភ្នំពេញក្រោន នៅតែបន្តឈរនៅលេខរៀងទី ២ ដោយប្រដេញតាមពីក្រោមក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមឈរកំពូលតារាងពិន្ទុ នៃក្របខណ្ឌលីគកំពូលកម្ពុជា CPL សប្តាហ៍ទី ១៦ ចំនួន ៤ ពិន្ទុ ក្រោយពីស្វាយរៀងយកឈ្នះលើក្រុមព្រៃវែង FC ក្នុងលទ្ធផល ២-០ កាលពីយប់មិញដូចគ្នាផងដែរ៕
សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


