
(បាល់ទាត់)៖ អ្នកគាំទ្ររបស់ក្រុមភ្នំពេញក្រោន កំពុងព្រួយបារម្ភអំពីការអវត្តមានរបស់លោក អូឡេក ស្តារីនស្គី ក្នុងជំនួបប្រកួតដ៏សំខាន់របស់ខ្លួននៅក្រៅដី ព្រោះត្រូវតទល់នឹងក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នាថ្ងៃអាទិត្យទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ..។

ការអវត្តមានរបស់លោក អូឡេក ស្តារីនស្គី ក្នុងជំនួបសប្តាហ៍ទី២០ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League ដែលត្រូវជួបជាមួយនឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយសារលោករងពិន័យកាតលឿងលើកទី៦ នៅពេលប្រកួតឈ្នះក្រុមបឹងកេត ១-០ នៅឯកីទ្បដ្ឋាន Smart RSN កាលពីចុងសប្តាហ៍មុន..។ ដូច្នេះ សម្រាប់ការប្រកួតដ៏សំខាន់នេះលោក Anatolii Bondarenko ដែលជាគ្រូជំនួយរបស់លោក អូឡេក ស្តារីនស្គី នឹងទទួលបន្ទុករ៉ាប់រងឈរបញ្ជាកូនក្រុមនៅលើទីលានតែម្ដង។ នេះគឺជាលើកទី២ សម្រាប់លោក Anatolii Bondarenko ក្នុងនាមជាគ្រូជំនួយរបស់ក្រុម ឈរបញ្ជាកូនក្រុមនៅលើទីលាន អំទ្បុងពេលប្រកួតស្មើគ្នា ០-០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀងកាលពីប្រកួតលីគ ជើងទី២ រួចមកហើយ។

គួរជម្រាបថា ការប្រកួតខាងលើនេះពិតជាសំខាន់ខ្លាំងមែនទែន សម្រាប់ក្រុមទាំងពីរ ដោយសារពួកគេជាក្រុមលេខ១ និងលេខ២ ដែលមានគម្លាតពិន្ទុពីគ្នាត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។ បច្ចុប្បន្ន ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកាន់កាប់តំណែងកំពូលតារាងពិន្ទុលីគ ដោយមាន៥៧ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ជាក្រុមលេខ២ កំពុងតែតាមប្រដេញពីក្រោយ..៕



