ភ្នំពេញក្រោននិងCentral Coast Mariners ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាននៅខែកុម្ភៈឆ្នាំ២០២៤ក្នុងទឹកដីអូស្រ្តាលី
Serichopon Ye
28 ធ្នូ 2023 08:15 AM

(បាល់ទាត់)៖ កាលវិភាគដឹងច្បាស់ហើយ ក្រោយការចាប់ឆ្នោតនៃពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup តំបន់អាស៊ានឆ្នាំ២០២៣-២០២៤ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុម Central Coast Mariners និងភ្នំពេញក្រោន ត្រូវប៉ះគ្នានៅឯកីទ្បដ្ឋាន Industree Group របស់ប្រទេសអូស្ត្រាលី នាថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤។ 

មែនទែនទៅ ការទ្បើងមកវគ្គនេះរបស់ក្រុមទាំងពីរ គឺបន្ទាប់ពីក្រុមភ្នំពេញក្រោន ដណ្តើមបានចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាក្រុមល្អជាងគេប្រចាំតំបន់អាស៊ាន។ ក្រុមជើងខ្លាំងមកពីប្រទេសអូស្ត្រាលី Central Coast Mariners បានបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល G។ ឆ្លងកាត់ ៦ ប្រកួតដូចគ្នានៅវគ្គចែកពូល ក្រុមភ្នំពេញក្រោន ឈរលេខរៀងទី២ ដោយមាន ១២ ពិន្ទុ ខណៈដែលក្រុមមានមូលដ្ឋានរាជធានីភ្នំពេញមួយនេះរបូតចាញ់តែ ២ប្រកួតក្រៅដីប៉ុណ្ណោះ។

ដោយទ្បែក ក្រុម Central Coast Mariners បានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល G ឆ្លងកាត់ការប្រកួត ៦ លើកឈ្នះ៤ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ និងគ្រាប់បាល់ចំណេញដល់ទៅ ១៤ គ្រាប់ឯណោះ។ ដោយឈរពីលើក្រុម Terengganu របស់ម៉ាឡេស៊ី ក៏ដូចជា Bali United របស់ឥណ្ឌូណេស៊ី និង Stallion Laguna របស់ហ្វីលីពីន។ គួរឱ្យដឹងថា ក្រៅពីក្រុមភ្នំពេញក្រោន និង Central Coast Mariners ក៏មានក្រុម Macarthur FC របស់អូស្ត្រាលី និង Sabah របស់ម៉ាឡេស៊ី ដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ានផងដែរ។ ពួកគេទាំងពីរសុទ្ធសឹងតែបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូលរៀងៗខ្លួន។ 

ទោះយ៉ាងណា មុនជួបភ្នំពេញក្រោននៅខែកុម្ភៈ Central Coast Mariners បាត់បង់ខ្សែប្រយុទ្ធម៉ាស៊ីនរកគ្រាប់បាល់របស់ខ្លួន មួយរូបគឺកីឡាករ ម៉ាកូ ទូលីអូ (Marco Tulio) ដែលនឹងផ្លាស់ទៅលេងឱ្យក្លិប Kyoto Sanga នៃក្របខណ្ឌលីគកំពូលជប៉ុន J-League 1។ កីឡាកររូបនេះរកបាន ៨គ្រាប់ឈរកំពូលតារាងអ្នកសុតចូលច្រើនជាងគេនៅវគ្គចែកពូល AFC Cup តំបន់អាស៊ាន ប្រជែងស្បែកជើងមាសជាមួយកីឡាករភ្នំពេញក្រោន ខ្សែប្រយុទ្ធ ស៊ីម៊ីហ្សូ ស៊ីថារ៉ូ ផងដែរ ហេតុនេះអវត្តមាន កីឡាករខាងលើ អាចជារឿងវិជ្ជមានមួយដែរ សម្រាប់ភ្នំពេញក្រោនរបស់កម្ពុជា ព្រោះតំបន់ប្រយុទ្ធរបស់គេអាចនឹងលែងមុតស្រួចដូចមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត