
(បាល់ទាត់)៖ លោក អូឡេក ស្តារីនស្គី គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានសរសើរដល់កីទ្បាករ លឹម ពិសុទ្ធ មិនដាច់ពីមាត់សោះ ថាមានការវិវឌ្ឍខ្លួនបានយ៉ាងល្អ ប៉ុន្តែនៅខ្វះខាតត្រង់មិនទាន់មានភាពអត់ធ្មត់ក្នុងការគ្រប់គ្រងការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនៅឡើយ។

យ៉ាងណាមិញ លោក អូឡេក ស្តារីនស្គី បានថ្លៃងប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះលើក្រុមភ្ញៀវអង្គថាយហ្គឺរ ៣-២ នៅឯកីទ្បដ្ឋាន Smart RSN កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣ ថា៖ «ជាការពិតណាស់! ខ្ញុំមើលឃើញចំណុចវិជ្ជាមាន និងអវិជ្ជាមាន របស់កីទ្បាករ លឹម ពិសុទ្ធ ព្រោះរឿងខ្លះធ្វើបានល្អ ហើយរឿងខ្លះទៀតត្រូវការពេលវេលា ដើម្បីកែតម្រូវទ្បើងវិញ..។ សម្រាប់ចំណុចវិជ្ជាមាន ពិសុទ្ធ គឺមានចលនាបត់បែនលឿនច្រើននៅលើទីលាន ក៏ដូចជាដូចជាបង្កើតឱកាស និងបង្កើតតំបន់ទូលាយឱ្យខ្សែប្រយុទ្ធផ្សេងៗមានភាពងាយស្រួល។ ដោយទ្បែកចំណុចអវិជ្ជាមាន ជុំវិញការសម្រេចចិត្ត ក៏ដូចជាទំនុកចិត្ត ដូច្នេះហើយ រូបគេត្រូវកែប្រែចំណុចមួយចំនួនបន្ថែមទៀត។ ម្យ៉ាងទៀត ខ្ញុំយល់ឃើញថា លឹម ពិសុទ្ធ មានបញ្ហាពីការរិះគន់ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្វីផ្សេងៗទៀតនៅលើបណ្តេញសង្គម ជុំវិញការប្រកួតប្រជែងនៅស៊ីហ្គេមកន្លងមក។ ដូច្នេះហើយ វាបានធ្វើឱ្យរូបគេមានភាពភ័យខ្លាចក្នុងការលេងនៅលើទីលាន ក៏ដូចជាការអភិវឌ្ឍខ្លួនផ្សេងៗទៀត»។

លោកបន្តទៀតថា៖ «ខ្ញុំចង់ឱ្យ ពិសុទ្ធ ផ្តោតសំខាន់លើការលេងនៅទីលានបន្ថែមទៀត ពីព្រោះរូបគេមិនមែនផ្តោតសំខាន់អ្វីដែលគេនិយាយច្រើននៅលើបណ្តេញសង្គមនោះទ្បើយ។ បច្ចុប្បន្ន រូបគេ ក៏កំពុងស្ថិតនៅដំណើរធ្វើបានយ៉ាងល្អ ហើយរូបគេត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឈានដល់ភាពល្អរបស់គេ។ ខ្ញុំអាចនិយាយបានថា ពិសុទ្ធ ត្រូវការវិវឌ្ឍខ្លួនពីក្មេងប្រុសដ៏ល្អ ដើម្បីក្លាយជាក្មេងប្រុសដ៏រំងមាំមួយ»។
គួររំឭកដែរថា អំទ្បុងពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ ធ្លាក់ចេញពីវគ្គចែកពូលមក កីទ្បាករ លឹម ពិសុទ្ធ ទទួលរងនូវរិះគន់យ៉ាងចាស់ដៃ និងដូចទឹកបាក់ទំនប់ពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា នៅលើបណ្តាញសង្គម ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អ ក៏ដូចជាមិនអាចជួយក្រុមឆ្លងផុតវគ្គចែកបាន។ ប៉ុន្តែក្រោយពីបញ្ចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិ លឹម ពិសុទ្ធ ក៏បានបង្ហាញទម្រង់លេងក្នុងក្រុមល្អទ្បើងវិញ បន្ទាប់ពីរួមចំណែកជួយក្រុមភ្នំពេញក្រោនគ្រងជើងឯក League Cup និង Super Cup ឆ្នាំ២០២៣ មុនពេលរដូវកាលថ្មីនៃក្របខណ្ឌលីគកំពូលកម្ពុជា CPL។

មិនត្រឹមតែប៉ុណ្ណោះ កីទ្បាករវ័យ ២២ ឆ្នាំខាងលើនេះបានក្លាយជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ក្រុមភ្នំពេញក្រោន ក្នុងការរួមចំណែកជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ ២០២៣-២៤ ដែលក្រុមត្រូវធ្វើការប្រកួតតទល់នឹងក្រុមជើងខ្លាំងអូស្ត្រាលី Central Coast Mariners នៅឯកីទ្បដ្ឋាន Industree Group របស់ប្រទេសអូស្ត្រាលី នាថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ថា បន្ទាប់ពីយកឈ្នះលើក្រុមភ្ញៀវអង្គថាយហ្គឺរ ៣-២ ក្រុមភ្នំពេញក្រោន នៅតែបន្តឈរនៅលេខរៀងទី ២ ដោយប្រដេញតាមពីក្រោមក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមឈរកំពូលតារាងពិន្ទុ នៃក្របខណ្ឌលីគកំពូលកម្ពុជា CPL សប្តាហ៍ទី១៦ចំនួន៤ពិន្ទុ ក្រោយពីស្វាយរៀងយកឈ្នះលើក្រុមព្រៃវែង FC ក្នុងលទ្ធផល ២-០ កាលពីយប់មិញដូចគ្នាផងដែរ៕



