
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកចរាចរធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ព្រមទាំងបរិវេណជុំវិញនោះចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៩ ខែឧសភានេះបានឱ្យដឹងថា ការផ្អាកចរាចរធ្វើឡើងដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លិខិតដដែលបានអះអាថា៖ «ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តទៅ» ។

ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីក៏បានស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរតាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕



