
ក្រចេះ,ព្រៃវែង៖ ស្ពានចំនួន៧កន្លែងនៅខេត្តក្រចេះ និងខេត្តព្រៃវែង ប្រវែងសរុបចំនួន៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានប្រវែង៣,៤២៤ម៉ែត្រដែលមានតម្លៃ៣៥លានដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានដាក់ឲ្យសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានទាំង៧នេះនឹងឆ្លើយតបនៃគ្រោះមហន្តរាយទឹកជំនន់ដែលកើតឡើងនៅរដូវវស្សា។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការសាងសង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានទាំង៧នេះត្រូវបានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ស្ពានទាំង៧កន្លែងនេះ ក៏ជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធភាពថ្មីនេះគឺកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាពដែលបានប្រែក្លាយកម្ពុជាទៅជាប្រទេសជឿនលឿន និងមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងទទួលបានការសិក្សាអប់រំ អាហារូបត្ថម្ភ ទឹកស្អាត បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗនៅតាមទីប្រជុំជន និងជនបទ និងមានបណ្តោញអគ្គិសនី បណ្តោញទូរគមនាគមន៍ ទូរសព្ទ អ៊ីនធឺណិត និងប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ថា ស្ពានទាំង៧នៅខេត្តក្រចេះ និងខេត្តព្រៃវែងនោះ គឺស្ពានចំនួន៥កន្លែងនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។ ស្ពានចំនួន២កន្លែងទៀតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។
ស្ពានទាំង៧កន្លែងនេះ ត្រូវបានបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd៕









