នាយ ពាក់មី ទាមទាឱ្យសុំទោសរូបលោកជាសាធារណៈ ក្រោយចប់ការប្រកួតគុនខ្មែរអលស្តារ និងក្រុមផ្ការីកគ្រប់រដូវ ផ្ទុះការរិះគន់ពីដំណើរការរៀបចំអ្នកចូលទស្សនា
ជួន ចាន់ម៉ារ៉ាឌី
19 កុម្ភៈ 2024 03:15 AM

(គុនខ្មែរ)៖ ក្រោយបញ្ចប់ការប្រកួតបាល់ទាត់រវាងក្រុមផ្ការីកគ្រប់រដូវ ក្រោមការដឹកនាំរបស់លោក ចែម ចាន់រ៉ា ដែលត្រូវបានគេស្គាល់ថា ជានាយពាក់មី បានយកឈ្នះលើក្រុមបាល់ទាត់គុនខ្មែរអលស្តារ នារាត្រីថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៤ មានរលករិះគន់មួយចំនួនមកលើកម្មវិធីសប្បុរសធម៌មួយនេះ...។

អំឡុងពេលប្រកួតកំពុងដំណើរការ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Ham Battevy បាន Live និងបង្ហោះវីដេអូរះគន់អ្នករៀបចំកម្មវិធី ពិសេសរិះគន់ទៅលើនាយ ពាក់មី ចំៗថា ខ្លួនរួមជាមួយក្រុមការងារមកចូលរួមគាំទ្រ ប៉ុន្តែបែរជាបិទទ្វារពហុកីឡដ្ឋានមិនឱ្យចូលទៅវិញ។ យ៉ាងណាមិញ ការរិះគន់របស់គណនីខាងលើ បានទទួលការរិះគន់ពីមហាជនវិញផងដែរ។ ការរិះគន់ត្រឡប់វិញនោះ ក៏ដោយសារតែគណនីខាងលើ រួមជាមួយក្រុមការងាររបស់ខ្លួន រិះគន់លោក ពាក់ មី ទាំងងងើល មិនមើលពីការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញការប្រកួតសប្បុរសធម៌មួយនេះ។ សហព័ន្ធកីឡាបាល់ទាត់ បានជូនដំណឹងពីការផ្អាកដំណើររការច្រកចូលមួយចំនួនរបស់ពហុកីឡដ្ឋាន ដោយសារគេកំពុងរៀបចំបំពាក់កៅអីមានបង្អែកសម្រាប់កន្លែងអង្គុយ និងមិនទាន់រួចរាល់១០០ភាគឡើយ។  

ស្ថាប័នព័ត៌មានក្នុងស្រុកជាច្រើន ក៏បានផ្សព្វផ្សាយអំពីការផ្អាកចូលទស្សនាគ្រប់ច្រកទាំងអស់ លើកលែងតែច្រក VIP តែប៉ុណ្ណោះ។ មែនទែនទៅ នេះជាលើកទី៨ហើយ ដែលក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ រៀបចំការប្រកួតសប្បុរសធម៌ ជាមួយបណ្តាក្រុមនានា ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផា តាមរយៈការប្រកួត ដោយប្រើថ្វីជើងរបស់សមាជិកក្រុម ហើយការប្រកួតសុទ្ធសឹងតែធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាការឆ្លើយតប នាយ ពាក់មី បានចេញវីដេអូ ទៅកាន់ម្ចាស់គណនីខាងលើ ឱ្យស្គាល់ពីកំហុសរបស់ខ្លួន និងសុំទោសលោកជាសាធារណៈ ចំពោះពាក្យសម្តីរិះគន់ដែលខ្វះការពិចារណាខាងលើ។ យ៉ាងណា ម្ចាស់គណនីឈ្មោះ Ham Battevy បានចេញវីដេអូសុំទោសជាសាធារណៈហើយថា ខ្លួនពិតជាបានធ្វើខុស និងបានសូមការអភ័យទោសទៅកាន់មហាជន និងអ្នករៀបចំកម្មវិធី ពិសេសនាយ ពាក់មី ដោយអះអាងថា ពួកគេពិតជាមិនដឹងពីការចូលទៅទស្សនាការប្រកួត ហើយមិនទទួលបានព័ត៌មានច្បាស់លាស់ឡើយ ទើបធ្វើឱ្យមានរឿងនេះកើតឡើង៕

គេនៅចាំបានថា សង្គ្រាមលើវាលស្មៅមួយនេះមានអ្នកទៅទស្សនាផ្ទាល់រាប់ពាន់នាក់ និងជាង៣ម៉ីន៣ពាន់នាក់អំឡុងពេលផ្សាយផ្ទាល់។ នៅក្នុងតង់ទី១ ក្រុមផ្ការីកក្រប់រដូវបាននាំមុខក្រុម គុនខ្មែរអលស្តារ រហូតដល់ទៅ៣គ្រាប់។ ចំណែក ក្រុមគុនខ្មែរអលស្តារ ក្រោមការដឹកនាំក្រុមរបស់មេធីម រឿង សោភ័ណ្ឌ មានឱកាសស៊ុតបំប៉ោងសំណាញ់ទីច្រើនដែរ ប៉ុន្តែ ហាក់ធ្វើមិនសូវបានល្អសោះ និងបានរក្សារលទ្ធផល៣-០ នេះរហូតចប់តង់ទី១តែម្ដង។ ឈានចូលដល់តង់ទី២ ក្រុមផ្ការីកគ្រប់រដូវព្យាយាមរកគ្រាប់បាល់ឱ្យក្រុមរបស់ខ្លួនបន្ថែមទៀត តែមិនអាចទៅទម្លុះខ្សែការពារដ៏រឹងមាំគឺកីឡាករ ធឿន ធារ៉ា កីឡាករ ឈឿង ល្វៃ ក្នុងប្រអប់គ្រោះថ្នាក់បាននោះឡើយ។ ក្រុមផ្ការីកគ្រប់រដូវ ព្យាយាមដាក់សម្ពាធលើដៃគូរបស់ខ្លួនជាពន់ពេកចុងក្រោយនៅសល់តែដង្ហើមចង្រិត។ ក្រុមគុនខ្មែរអលស្តារ ក៏មានឱកាសក្នុងការបំប៉ោងសំណាញ់ទីនៅចុងម៉ោងនេះ។ ដោយកើតចេញពីរន្ទះជើងមេធីម រឿង សោភ័ណ្ឌ ជាច្រើនលើកច្រើនសា ប៉ុន្តែសុទ្ធសឹងតែមិនចំគោលដៅ និងនៅទីបំផុតរូបគេរកបាន២គ្រាប់ ជួយក្រុបដេញតាមពីក្រោយ។ លទ្ធផល ៣-២ នេះបានរក្សាររហូតចប់៩០នាទី ក្រុមគុនខ្មែរអលស្តារនៅតែមិនអាចសងសឹកបានដដែល។  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត