
(បាល់ទាត់)៖ បន្ទាប់ពីត្រលប់មករួមក្រុមបឹងកេតវិញ ខ្សែប្រយុទ្ធ សៀង ចន្ធា បានក្លាយជាកីឡាករកំពុងមានទទួលបានការចាប់អារម្មណ៍ច្រើនលើទីផ្សារដោះដូរអន្តរជាតិ ពិសេសទទួលបានការមើលឃើញពីក្លិបធំៗជាច្រើននៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែងពេលនេះ ក្លិប Chonburi ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលថៃ កំពុងតាមចង់បាន ចន្ធា ហើយ។

ក្រោយពីត្រលប់មកហ្វឹកហាត់ជាមួយក្រុមថ្ងៃដំបូងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រភពដែលគួរឱ្យទុកចិត្តបំផុតមួយបានឱ្យដឹងថា លោក វីតាយា ឃុនភ្លុំ (Wittaya Khunpluem) ដែលជាប្រធានក្លិបបាល់ទាត់ ឈុនប៊ូរី (Chonburi FC) របស់ប្រទេសថៃ កំពុងតែចង់ចូលចែចូវកីទ្បាករ សៀង ចន្ធា ដើម្បីយកមកពង្រឹងគុណភាពលើតំបន់ប្រយុទ្ធរបស់ក្រុម។ លោក Wittaya Khunpluem ក៏បានចាប់អារម្មណ៍លើ សៀង ចន្ធា អំទ្បុងពេលរូបគេបង្ហាញវត្តមានក្នុងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជានិងថៃ ក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup ឆ្នាំ ២០២២ ដែលកាលនោះកម្ពុជាចាញ់ថៃ ៣-១ ហើយមួយគ្រាប់របស់កម្ពុជា គឺរកបានដោយ សៀង សន្ធាតែម្ដង។ ប្រសិនបើរូបគេ ចូលរួមជាមួយនឹងក្លិប Chonburi FC ពិតមែន នោះចន្ធានឹងក្លាយជាកីទ្បាករខ្មែរទី៤ ដែលប្រកបអាជីពបាល់ទាត់ក្នុងប្រទេសថៃ បន្ទាប់ពីព្រឹទ្ធចារ្យបាល់ទាត់ខ្មែរ ប៉ែត ផាត លោក ឃឹម បូរី និងកីទ្បាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្លិប Chonburi FC កំពុងតែស្ថិតនៅតំបន់កាត់ចោលទៅ ក្របខណ្ឌលីគទី២ របស់ប្រទេសថៃ ពោលគឺឈរលេខរៀងទី១៤ ដោយប្រកួត១៧ដង មាន១៧ពិន្ទុប៉ុណ្ណោះ ក្នុងតារាងពិន្ទុក្របខណ្ឌលីគកំពូលថៃ Revo Thai League រដូវកាល ឆ្នាំ២០២៣-២០២៤ គិតត្រឹមសប្តាហ៍ទី១៧។ សូមរំឭកថា ខ្សែប្រយុទ្ធ សៀង ចន្ធា បានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមលើកដំបូងនៅឯកន្លែងហ្វឹកហាត់មរតកតេជោ កាលពីថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Al Shahaniya SC ក្នុងលីគទីពីរប្រទេសកាតាកាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ការចាកចេញរបស់ សៀង ចន្ធា គឺមានការឯកភាពគ្នារវាងក្លិបបឹងកេត និង Al Shahaniya SC រួមទាំងបញ្ហាផ្ទាល់ខ្លួនផងដែរ ពោលគឺរូបគេពិបាកសម្របខ្លួនក្នុងការរស់នៅប្រទេសកាតា ក៏ដូចជាអាកាលធាតុក្ដៅ និងបញ្ហារបបអាហារជាដើម។សៀង ចន្ធា ក៏ធ្លាប់ស្នើសុំក្លិបរូបគេត្រឡប់មកកម្ពុជាវិញ តាំងពីពេលចប់ជុំទី១ មកម្ល៉េះ ប៉ុន្តែប្រធានក្លឹប លោកស្រី ពុធ ធីតា ជំរុញក៏ដូចជាលើកទឹកចិត្តរូបគេ ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះ នៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូង៕




