រឿងមួយនេះសោះ ធ្វើឱ្យ សៀង ចន្ធា ត្រឡប់មកកាន់ទឹកដីកម្ពុជារយៈពេលជាង១ខែ
Serichopon Ye
25 ធ្នូ 2023 06:51 AM

(បាល់ទាត់)៖ ខ្សែប្រយុទ្ធ សៀង ចន្ធា បានវិលត្រឡប់មកកាន់ទឹកដីកម្ពុជា កាលពីយប់មិញ ដើម្បីសម្រាកវិស្សមកាលនៅទីនេះ មួយរយៈពេលខ្លី..។ 

មែនទែនទៅ ការវិលត្រលប់មកកាន់ទឹកដីកម្ពុជា ក៏ព្រោះតែលីគទី២នៅប្រទេសកាតា សម្រាកជាងមួយខែ ហើយស្របពេលរូបគេ ក៏មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវត្រៀមប៉ះជាមួយនឹងក្រុមជម្រើសជាតិកាតា នាចុងឆ្នាំនេះដែរ។ លីគទី២របស់ប្រទេសកាតា នឹងចាប់ផ្តើមការប្រកួតទ្បើងវិញ នាពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ខណៈដែលទីផ្សារដោះដូរកីទ្បាករ ក៏នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ផងដែរ។ ៨ប្រកួតចុងក្រោយរបស់ក្រុមបាត់ទាត់ដែលកីឡាករកម្ពុជា សៀង ចន្ធា ទៅរួមរស់ជាមួយ គឺក្លឹប Al Shahaniya មិនទាន់ស្គាល់ពាក្យថាចាញ់សូម្បីម្ដងនៅទ្បើយទេ ពោលគឺឈ្នះ៥ និងស្មើ៣ប្រកួត។ ជាមួយគ្នានេះ កាលពីសប្តាហ៍មុន ក្រុម Al Shahaniya ក៏បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Al-Waab ដោយបញ្ចប់លទ្ធផល ០-១ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នៃក្របខណ្ឌលីគទី២ របស់ប្រទេសកាតាដែរ។ 

គួរឱ្យដឹងថា ការមកចូលរួមជាមួយក្រុម Al Shahaniya ក្នុងក្របខណ្ឌលីគទី២ (Qatari Second Division) កីឡាករ សៀង ចន្ធា ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពេញពីក្លឹបបាល់ទាត់បឹងកេត ដោយទទួលបានថ្លៃនឿយហត់ប្រមាណជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិតទល់ជាមួយក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ខណៈដែលការប្រកួតនេះ ត្រូវលេងនៅឯទីក្រុងដូហា ប្រទេសកាតា ហើយ សៀង ចន្ធា ដែលជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា តែម្នាក់គត់ ដែលកំពុងទៅប្រកបអាជីពបាល់ទាត់នៅប្រទេសកាតា ប៉ុន្តែបែរជាមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា ដោយសារតែមិនចំថ្ងៃ FIFA Day ..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត