សៀង ចន្ធា ត្រលប់មកហ្វឹកហាត់ជាលើកដំបូងជាមួយបឹងកេតវិញហើយ ក្រោយអស់កុងត្រានៅប្រទេសកាតា
Serichopon Ye
14 កុម្ភៈ 2024 09:15 AM

(បាល់ទាត់)៖ ខ្សែប្រយុទ្ធ សៀង ចន្ធា បានចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងក្រុមបឹងកេតវិញហើយ នៅថ្ងៃទី១៤កុម្ភៈ ក្រោយពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយនឹងក្លិប Al Shahaniya SC ក្នុងលីគទីពីរប្រទេសកាតាកាលពីដើមខែកុម្ភៈ។ កីទ្បាករ សៀង ចន្ធា ត្រូវបានក្លិប Al Shahaniya SC បញ្ចប់កិច្ចសន្យាខ្ចីជើងមុនពេលកំណត់ បន្ទាប់ពីការឯកភាពគ្នារវាងក្លិបទាំងសងខាង។ 

អគ្គលេខាធិការក្លិបកីឡាបាល់ទាត់បឹងកេត លោក បែ មករា បានប្រាប់ឱ្យដឹងថា ការចែកផ្លូវគ្នារវាងកីទ្បាករ សៀង ចន្ធា និងក្លិប Al Shahaniya SC មុនពេលកំណត់ ដោយសារពិបាកសម្របខ្លួនក្នុងការរស់នៅប្រទេសកាតា ក៏ដូចជាអាកាលធាតុក្ដៅ និងបញ្ហារបបអាហារជាដើម។ សៀង ចន្ធា ក៏បានស្នើសុំក្លឹបយករូបគេត្រឡប់មកកម្ពុជាវិញ តាំងពីពេលចប់ជុំទី១ មកម្ល៉េះ ប៉ុន្តែប្រធានក្លឹប លោកស្រី ពុធ ធីតា ជំរុញក៏ដូចជាលើកទឹកចិត្តរូបគេ ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះ នៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូង។ មែនទែនៅ កិច្ចសន្យារបស់ខ្សែប្រយុទ្ធមានប្រភពពីសាលាបាល់ទាត់ជាតិបាទីមួយនេះ គឺមានពេញមួយរដូវកាលរបស់លីគទី២កាតា ក្នុងខែមេសាឆ្នាំ២០២៤ តែត្រូវបញ្ចប់មុនរយៈពេល២ខែ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបានគេប្រទះឃើញនៅកន្លែងហ្វឹកហាត់មរតកតេជោ ជាមួយមិត្តរួមក្រុមបឹងកេត នាថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។  សៀង ចន្ធា ត្រូវបានអ្នកគាំទ្ររបស់ក្លិបរំពឹងទុកថាទំនងជាបង្ហាញខ្លួនលើកដំបូងឱ្យក្រុមបឹងកេត ពេលប៉ះគ្នាជាមួយនឹងក្រុមព្រៃវែង FC ក្នុងពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២០២៤ សប្តាហ៍ទី ២១ នៅចុងសប្តាហ៍នេះ ក៏ដូចជាពានរង្វាន់សម្តេចថ្នាក់ជាតិលើកទី ១៧ នាវគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប៉ះគ្នាជាមួយ ISI នៅជើងទី ២ ថ្ងៃពុធទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត