ក្រោយវត្តមាន សៀង ចន្ធា នៅក្នុងក្រុម! ក្លឹប Al Shahaniya ឈរលើកំពូលតារាងលីគទី២កាតា ខណៈក្ដីស្រមៃឡើងទៅលេងលីគកំពូលកាន់តែកៀកជិត
Serichopon Ye
18 ធ្នូ 2023 07:15 AM

(បាល់ទាត់)៖ ដ្បិតថាខ្សែប្រយុទ្ធ សៀង ចន្ធា មិនស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់គ្រូបង្គោល ប៉ុន្តែវត្តមានរបស់គេនៅក្នុងក្រុម Al Shahaniya កំពុងបន្តឈ្នះជាបន្តបន្ទាប់រហូតឈរលើកំពូលតារាង នៃក្របខណ្ឌលីគទី២របស់ប្រទេសកាតា និងក្ដីស្រមៃឡើងទៅលេងនៅលីគកំពូលកាន់តែកៀកជិតហើយដែរ...។

៧ប្រកួតចុងក្រោយរបស់ក្រុមបាត់ទាត់ដែលកីឡាករកម្ពុជា សៀង ចន្ធា ទៅរួមរស់ជាមួយ គឺក្លឹប Al Shahaniya មិនទាន់ស្គាល់ពាក្យថាចាញ់សូម្បីម្ដងនៅទ្បើយ ពោលគឺឈ្នះ៤ និងស្មើ៣ប្រកួត។ ជាមួយគ្នានេះ កាលពីសប្តាហ៍មុន ក្រុម Al Shahaniya ក៏បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Al Kharaitiyat ដោយបញ្ចប់លទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី៧ នៃក្របខណ្ឌលីគទី២ របស់ប្រទេសកាតា ដែលមានវត្តមានកីឡាករ សៀង ចន្ធា លេងក្នុងនាមជាកីទ្បាករជម្រើសទី២ សម្រាប់ក្រុមផងដែរ។ 

ការមកចូលរួមជាមួយក្រុម Al Shahaniya ក្នុងក្របខណ្ឌលីគទី២ (Qatari Second Division) កីឡាករ សៀង ចន្ធា ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាល ពីក្លឹបបាល់ទាត់បឹងកេត ដោយទទួលបានថ្លៃនឿយហត់ប្រមាណជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិតទល់ក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ខណៈដែលការប្រកួតនេះ ត្រូវលេងនៅឯទីក្រុងដូហា ប្រទេសកាតា ហើយ សៀង ចន្ធា ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា តែម្នាក់គត់ ដែលកំពុងទៅប្រកបអាជីពបាល់ទាត់នៅប្រទេសកាតា៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត