អ្នកដែលត្រូវក្រុមហ៊ុនទូរសព្ទចល័តផាកពិន័យ ឬភ្ជាប់គម្រោងឱ្យស្វ័យប្រវត្តិ សូមរាយការណ៍ទៅនិយ័តករទូរគមនាគមន៍
K
Kimhuoy K.
06 តុលា 2024 02:00 PM

រាជធានីភ្នំពេញ៖ ថ្មីៗនេះនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានរកឃើញភាពមិនប្រក្រតី និង ផាកពិន័យប្រតិបត្តិករទូរសព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការភ្ជាប់គម្រោង ឬសេវាកម្មដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។

តាមសេចក្តីជូនដំណឹង និយ័តករទូរគមនាគមន៍បានគូសបញ្ជាក់ថា ការផាកពិនិ័យនេះគឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់និយ័តករ និងអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរសព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់។ និយ័តករទូរគមនាគមន៍បានអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក. តាមលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ឬ តាមរយៈហ្វេសប៊ុក «និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia» ក្នុងករណីមានការភ្ជាប់តម្រោង ឬសេវាកម្មទូរសព្ទចល័ត ឬសេវាកម្មបន្ថែម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។

ការបើកឱ្យរាយការណ៍នេះ គឺដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងស្របច្បាប់និង ស្មោះត្រង់ និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងការផ្ដល់សេវាទូរសព្ទចល័ត។ ជាមួយគ្នានេះ ន.ទ.ក. ក៏នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងលក្ខខណ្ឌនៃការអនុញ្ញាតនិងអាជ្ញាបណ្ណចំពោះប្រតិបត្តិករទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត