
កីឡា៖ លទ្ធផលចាប់ឆ្នោតផ្លូវការនៅរសៀលថ្ងៃអង្គារនេះ សម្រាប់វគ្គចែកពូលពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦-២០២៧ ចេញជាផ្លូវការហើយ ដោយក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង ស្ថិតនៅពូល G ជាមួយក្រុម Machida Zelvia (ជប៉ុន), Shanghai Shenhua (ចិន) និង Tampines Rovers (សិង្ហបុរី) ខណ:ក្រុមបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅពូល H ជាមួយក្រុម Gangwon FC (កូរ៉េខាងត្បូង), Kitchee (ហុងកុង) និង Kuching City (ម៉ាឡេស៊ី)។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ដោយធ្វើប្រកួតវិលជុំទាំងក្នុងដី និងក្រៅដីនៃក្រុមនីមួយៗ។ បន្ទាប់ពីចាត់ថ្នាក់រួច ក្រុមមានពិន្ទុលេខ១ និងលេខ២នៃពូលនីមួយៗ នឹងទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ គួរបញ្ជាក់ថា ចាប់ពីវគ្គ១៦ក្រុមនៃវគ្គសន្សំពិន្ទ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សុទ្ធតែត្រូវប្រកួត២ជើងទាំងអស់ លើកលែងតែវគ្គផ្ដាច់ព្រ័ត្រមួយគត់ ដែលត្រូវប្រកួតតែ១ជើងប៉ុណ្ណោះ។ ដោយឡែក សម្រាប់រដូវកាល ២០២៦-២០២៧ នេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅតំបន់អាស៊ីខាងកើត។

គួររម្លឹកផងដែរថា ក្លិបតំណាងកម្ពុជាទាំងពីរ សុទ្ធតែមានបទពិសោធលើឆាកអន្តរជាតិយ៉ាងក្រាសក្រែល។ ភ្នំពេញក្រោន ធ្លាប់ចូលរួមប្រកួតពានរង្វាន់ AFC (កម្រិតចាស់) វគ្គចែកពូលបាន៣ដង (ឆ្នាំ២០១៧, ២០២២ និង២០២៣-២៤) ដោយធ្លាប់បង្កើតប្រវត្តិសាស្ត្រឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ នារដូវកាល ២០២៣-២៤។ រីឯក្រុមព្រះខ័នរាជ្យស្វាយរៀង ធ្លាប់លេងវគ្គចែកពូល AFC Cup ក្នុងឆ្នាំ២០២០ ហើយកាលពីរដូវកាល ២០២៤-២០២៥ និង ២០២៥-២០២៦ ពួកគេបានបង្កើតស្នាដៃដ៏គួរឱ្យភ្ញាក់មួយគឺទម្លុះរនាំងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ អាស៊ី (AFC Challenge League) ប៉ុន្តែទទួលបានត្រឹមជើងឯករងទាំងពីររដូវកាល៕






