(បាល់ទាត់)៖ តើអ្នកគាំទ្រមានពាក្យអ្វីជូនពរក្រុមសិង្ហក្រហមភ្នំពេញក្រោនទេ..? នាថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ក្រុមតំណាងកម្ពុជា សិង្ហក្រហមភ្នំពេញក្រោន នឹងត្រូវចាកចេញពីប្រទេស ដើម្បីធ្វើដំណើរទៅកាន់ទឹកដីអូស្ត្រាលី ដើម្បីប្រកួតជាមួយក្រុម Central Coast Mariners FC នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤ (តំបន់អាស៊ាន) នៅឯកីទ្បដ្ឋាន Industree Group របស់ប្រទេសអូស្ត្រាលី នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ..។

ជាការពិតណាស់ យើងក៏ធ្លាប់ដឹងពីមុនមកហើយថា ក្រុមសិង្ហក្រហមភ្នំពេញក្រោន ជាក្រុមតំណាងកម្ពុជាក្នុងពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤។ ជាពិសេស ក្រុមដែលមានមូលដ្ឋាននៅរាធានីភ្នំពេញមួយនេះ ក្រោមការដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែនវ័យ៣៧ឆ្នាំ លោក អូឡេក ស្តារីនស្គី បានបន្តដំណើរមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ២ល្អ ប្រចាំតំបន់អាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះ កាលប្រកួតនៅវគ្គជម្រុះតាមពូល ក្រុមភ្នំពេញក្រោន របូតចាញ់តែ២ប្រកួតនៅក្រៅដីប៉ុណ្ណោះ ពោលគឺចាញ់ ក្រុម Macarthus ៥-០ និងចាញ់ក្រុម Shan United ២-១។

ប៉ុន្តែបើក្រឡាកមើលក្រុម Central Coast Mariners វិញ គឺបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូលG ឆ្លងកាត់ការប្រកួត៦លើក ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញដល់ទៅ១៤គ្រាប់ឯណោះ។ ក្រុមជើងខ្លាំងមកពីអូស្ត្រាលីខាងលើនេះ ក្រោមការដឹកនាំដោយលោក Mark Jackson កំពុងធ្វើបានយ៉ាងល្អនៅក្នុងលីគកំពូលអូស្ត្រាលី A-League ដោយ៥ប្រកួតចុងក្រោយរបស់ពួកគេ ឈ្នះ៣ ស្មើ២លើក និងឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុលីគផងដែរ។ យ៉ាងណា សម្រាប់ក្រុមភ្នំពេញក្រោន ក៏ធ្វើបានល្អក្នុងលីគកំពូលកម្ពុជាដែរ ដោយ៥ប្រកួតចុងក្រោយ របូតចាញ់តែក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៣-២ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ខណៈពួកគេកំពុងស្ថិតនៅលេខរៀងទី២ ក្នុងលីគកំពូលកម្ពុជាផងដែរ។

ដូច្នេះ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤ តំបន់អាស៊ាន ក្រុមភ្នំពេញក្រោន ហាក់ដូចជាលំបាកបន្តិចហើយ ដោយសារពួកគេមិនសូវកាក់កបពេលលេងនៅក្រៅដីទេ ពោលគឺ៥ ប្រកួតមិនថាលីគ និងពាន AFC Cup ឡើយ ពួកគេបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមព្រះខ័នរាជស្វាយរៀង២លើក, ក្រុមគិរីវង់សុខសែនជ័យ១លើក ក៏ដូចជាក្រុម Macarthus និងក្រុម Shan United មួយក្រុម១លើក។ បន្ថែមលើនេះ ក្រៅពីក្រុមភ្នំពេញក្រោន និងក្រុម Central Coast Mariners ក៏នៅមានក្រុម Macarthur FC របស់អូស្ត្រាលី និង Sabah របស់ប្រទេសម៉ាឡេស៊ី ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ានដូចគ្នាផងដែរ៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖