មិនធម្មតាមែន! សិង្ហក្រហមសាងកំណត់ត្រាដ៏អស្ចារ្យបន្ថែមទៀតនៅ AFC Cup
Serichopon Ye
01 ធ្នូ 2023 02:45 AM

(បាល់ទាត់)៖ កាលពីយប់មិញ ក្រុមសិង្ហក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោកគ្រូ អូឡេក ស្តារីនស្គី បានលត់ជើងខ្លាំងរបស់ហ្វីលីពីន ក្រុមសេប៊ូ អេហ្វស៊ី Cebu FC យ៉ាង​ចាស់​ដៃ​ ក្នុងលទ្ធផល ៤-០ នៅឯពហុកីឡដ្ឋានជាតិអូទ្បាំពិក ក្នុង​ការ​ប្រកួត​វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup ២០២៣-២៤..។ 

ជាការពិតណាស់ នេះគឺជាជ័យជម្នះលើកទី៦ របស់ក្រុមភ្នំពេញក្រោន ក្នុងពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤ ក្នុងតំបន់អាស៊ាន។ ជ័យជម្នះទាំង៦ប្រកួតនេះ មានន័យថា ក្រុមភ្នំពេញក្រោន ជាក្រុមដំបូងគេបង្អស់នៅកម្ពុជា ដែលអាចឈ្នះ៤ប្រកួតជាប់ៗគ្នានៅក្នុងដី ពោលគឺចាប់ពីវគ្គជម្រុះបឋម (Preliminary Stage) រហូតដល់វគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ាន។ អ្វីដែលធ្វើល្អជាងនេះទៅទៀត ក្រុមភ្នំពេញក្រោន មិនទាន់របូតគ្រាប់​បាល់​សូម្បី​តែ​មួយ​គ្រាប់ទ្បើយនៅក្នុងដី ប៉ុន្តែកាលពីប្រកួតក្រៅដីតទល់នឹងក្រុម Tampines Rovers FC នៅសិង្ហបុរី ពួកគេបានរបូតអស់២គ្រាប់ និង៥គ្រាប់ទៀត ពេលប្រកួតចាញ់ក្រុមម្ចាស់ផ្ទះម៉ាខាថ័រ អេហ្វស៊ី Macarthur FC ៥-០ នៅក្នុងទឹកដីអូស្ត្រាលី..។

ទោះយ៉ាងណា ក្រោយពីយកឈ្នះលើក្រុមភ្ញៀវ សេប៊ូ អេហ្វស៊ី ៤-០ ពេលនេះក្រុមតំណាងឱ្យកម្ពុជានៅ AFC មានឱកាសឡើងទៅវគ្គបន្តរហូតដល់ទៅ៩៩ភាគរយបាត់ទៅហើយ ព្រោះក្រុមភ្នំពេញក្រោនកំពុងឈរនៅលើកំពូលតារាងនៃក្រុមលេខ២ល្អ ហើយថែមទាំងឈ្នះពិន្ទុក្រុម Terengganu រហូតដល់ទៅ៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញ៩គ្រាប់បន្ថែមទៀត ខណៈក្រុមTerengganu មានគ្រាប់បាល់ចំណេញ២គ្រាប់ និងមាន៩ពិន្ទុក្នុងដៃ។ ប៉ុន្តែប្រសិនបើក្រុមភ្នំពេញក្រោនចាញ់ Shan United មែននោះ គឺក្រុម Terengganu ត្រូវតែយកឈ្នះគូប្រកួតរបស់ខ្លួននៅការប្រកួតចុងក្រោយនេះ ដោយត្រូវស៊ុតបញ្ចូលទីឱ្យបានច្រើនបំផុត ពោលគឺរហូតដល់ទៅ៧គ្រាប់ឯណោះ ទើបមានឱកាសប្រជែងយកកៅអីក្រុមលេខពីរល្អពីក្រុមភ្នំពេញក្រោនបាន។

ប៉ុន្តែយ៉ាងណាវាមិនស្រួលទេ ព្រោះក្រុម Terengganu ត្រូវប្រកួតជាមួយក្រុមខ្លាំង Bali United របស់ឥណ្ឌូណេស៊ី ដោយសារកាលប្រកួតជើងទី១ ពួកគេស្មើគ្នា ១-១ ប៉ុណ្ណោះ។ ដូច្នេះ ក្រុមភ្នំពេញក្រោន ចាំបាច់ត្រូវប្រកួតស្មើ ឬចាញ់តិចគ្រាប់ ដើម្បីធានាទ្បើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់AFC Cup ឆ្នាំ២០២៣-២៤ ហើយបើយកឈ្នះក្រុម Shan United ម្ដងទៀតនៅក្រៅដីមែននោះ គឺភ្នំពេញក្រោន នឹងក្លាយជាក្រុមបាល់ទាត់លីគកំពូលកម្ពុជាតែមួយគត់ ដែលសាងកំណត់ត្រាល្អបំផុតក្នុងលីគនៅតំបន់អាស៊ាន ដែលដណ្តើមបានជ័យជម្នះតាំងតែវគ្គជម្រុះបឋមរហូតដល់វគ្គជម្រុះតាមពូល ហើយចាញ់តែមួយប្រកួតប៉ុណ្ណោះ៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត