ក្រសួងសុខាភិបាល រកឃើញជំងឺអុតស្វាលើបុរសម្នាក់ ក្រោយធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ
ហ
ហ៊ែល កំសាន
•
06 កុម្ភៈ 2024 12:50 PM

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆយជំងឺ(អេមផក Mpox) មានឈ្មោះដើមថា ជាជំងឺអុតស្វា ដោយបានរកឃើញចំពោះបុរសម្នាក់ទៀត ហើយនេះ​ជា​ករណី​ទី​៥ ដែល​ក្រសួង​បាន​រក​ឃើញ​តាម​រយៈ​លទ្ធផលការធ្វើ​តេស្ត​នៅ​វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២កុម្ភៈ ខណៈបច្ចុប្បន្នបុរសដែលវិជ្ជមានជំងឺខាងលើនេះ កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់នៅមន្ទីរពេទ្យ។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤...។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអឹមផក ឬជំងឺអុតស្វា ដោយស្វែងយល់ពីរបៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា។ ក្រសួង ក៏បានគូសបញ្ជាក់ពីរបៀបនៃការចម្លង និងវិធីការពាររការចម្លងជំងឺអឹមផកផងដែរ ក្នុងនោះរួមមាន៖ ទី១. របៀបចម្លង៖ ក/. វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។ ខ/· វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។

រូបភាពឯកសារ
រូបភាពឯកសារ

ទី២. វិធានការបង្ការការចម្លងជំងឺអឹមផក៖ ក/.តាមរយៈអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ខ/· ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។ គ/· ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។ ឃ/· ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែល លាងដៃ ឬអាល់កុលលាងដៃ។

រូបភាពឯកសារ
រូបភាពឯកសារ

ង/.បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។ ច/.· បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។ ឆ/· បុគ្គល មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្ដៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផក ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្ដរកជំងឺអឹមផក ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត