កម្ពុជារកឃើញជំងឺអឹមផក «ជំងឺអុតស្វា» ១ករណី ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នបង្ការការចម្លងជាចង្កោម
S
Soriya Sou
•
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រកាសពីការរកឃើញជំងឺអឹមផកថ្មី«ជំងឺអុតស្វា»ចំនួន១ករណី កាលពីថ្ងៃទី២០វិច្ឆិកា។ ការកឃើញថ្មីនេះ គឺជាករណីទី១ បន្ទាប់ពីកម្ពុជាពុំមានករណីឆ្លងជំងឺនេះអស់រយៈពេល៣០ខែ និង៦ថ្ងៃកន្លងមក...។

បច្ចុប្បន្ន អ្នកជំងឺអឹមផកថ្មីនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សូមជម្រាបថា កន្លងមកកម្ពុជាធ្លាប់បានរកឃើញជំងឺអឹមផកចំនួន២០ករណី នៅថ្ងៃទី១២ធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ឧសភា ឆ្នាំ២០២៤។ ជំងឺអឹមផក ឬអុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន៖ សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។ ជំងឺអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។

ទន្ទឹមនឹងការរកឃើញករណីជំងឺអឹមផក សាជាថ្មីនៅកម្ពុជា ក្រសួងសុខាភិបាលបាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ ដើម្បីបង្ការការចម្លង រីករាលដាលនៃជំងឺអឹមផកជាចង្កោម ឬក្នុងទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់ពីរបៀបចម្លង និងអនុវត្តវិធានការបង្ការឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។ ត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ និងចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។ ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ពែង ឬ ផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែល ឬអាល់កុលលាងដៃ។

ចំពោះបុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។ បុគ្គលដែលមានរោគសញ្ញាដូចជា៖ កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ និងខ្លួនប្រាណ គ្រុនក្ដៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផក ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអឹមផក ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត