
ហ្វីលីពីន៖ ទូរទស្សន៍ CNN Philippines កាលពីថ្ងៃចន្ទទី២៩ ខែមករា បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការក្នុងសប្តាហ៍នេះ បន្ទាប់ពីដំណើរការអស់រយៈពេលជិតមួយទសវត្សរ៍នៃការផ្ដល់ព័ត៌មានជាភាសាអង់គ្លេសទៅកាន់បណ្តាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយនៅអាស៊ី...។

ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីនេះ នឹងឈប់ចាក់ផ្សាយនៅថ្ងៃពុធទី៣១ ខែមករា ដោយសារតែបញ្ហាហិរញ្ញវត្ថុកើនឡើងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុន Nine Media Corp. ជាក្រុមហ៊ុនមេធំមួយដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានរងការខាតបង់ចំនួន៥ពាន់លានប៉េសូ ឬស្មើ៨៨,៥លានដុល្លារអាម៉េរិក ចាប់តាំងពីបានចាប់ផ្តើមបើកដំណើរការក្នុងខែមីនា ឆ្នាំ២០១៥។ អ្នកផ្តល់ព័ត៌មានក្នុងស្រុក GMA News Online បានរាយការណ៍ថា Nine Media បានបង្ហោះការខាតបង់សុទ្ធចំនួន២៣៩,៧លានប៉េសូ ក្នុងឆ្នាំ២០២២ និង ២៣១,៤លានប៉េសូក្នុង ឆ្នាំ២០២១។

ការបិទទូរទស្សន៍ CNN របស់ហ្វីលីពីន កើតឡើងនៅពេលដែលព័ត៌មានមិនពិតកាន់តែញាំញីដល់ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក។ កាលពីឆ្នាំ២០២២ នាយកផ្សព្វផ្សាយនយោបាយសកល និងរដ្ឋាភិបាលរបស់ហ្វេសប៊ុក លោកស្រី កាទី ហាប៉ាត់ (Katie Harbath) បាននិយាយថា ប្រទេសកោះមួយនេះគឺគ្មានភាពអត់ធ្មត់ នៅក្នុងសង្គ្រាមប្រឆាំងព័ត៌មានមិនពិតរបស់ពិភពលោក។ មែនទែនទៅ CNN Philippines គឺជាប៉ុស្តិ៍ព័ត៌មានជាភាសាអង់គ្លេសដែលចាក់ផ្សាយតាមទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់។ លើសពីនេះ កម្មវិធីផ្សាយក៏បានជំរុញក្នុងការផ្ដល់ព័ត៌មានជាភាសាក្នុងស្រុកដើម្បីទៅដល់ទស្សនិកជនកាន់តែច្រើននៅក្នុងប្រទេសប្រជុំកោះនេះផងដែរ។

ជុំវិញការបិទនេះ Nine Media Corp. បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដែលមាននិរន្តរភាពក្នុងឆ្នាំកន្លងមក ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របខ្លួន និងច្នៃប្រឌិតនៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមានការប្រឈមក៏ដោយ»។ ក្រុមហ៊ុនបានបន្ថែមថា៖«យើងដឹងពីផលប៉ះពាល់នៃការបិទនេះទៅលើបុគ្គលិក និងទេពកោសល្យដ៏មានតម្លៃរបស់យើង ធានាថាបុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់នឹងត្រូវបានផ្ដល់ជូនជាមួយនឹងកញ្ចប់ប្រាក់បំណាច់ការងារ»។ គួរជម្រាបថា ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល៣០០នាក់ ខណៈបុគ្គលិករបស់ CNN Philippines និងអ្នកកាសែតហ្វីលីពីនផ្សេងទៀតបានសម្តែងការសោកសៅយ៉ាងខ្លាំងរបស់ពួកគេនៅលើបណ្តាញសង្គម៕






