
ខេត្តកោះកុង៖ «ត្រីនាគ ឬត្រីតាពត» មានឈ្មោះជាភាសាអង់គ្លេស Asian bonytongue ហើយជាទូទៅមានប្រវែងដងខ្លួនអតិបរមា៩០សង់ទីម៉ែត្រ។ វាជាប្រភេទត្រីកម្រ និងជិតផុតពូជ ហើយមានរស់នៅក្នុងតំបន់ជួរភ្នំក្រវាញប៉ែកខាងត្បូង ជាពិសេសនៅតាមដងស្ទឹងអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ តាមការបង្ហាញពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បរិមាណត្រីនាគបានបន្តធ្លាក់ចុះជាលំដាប់បើទោះបីគ្មានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយ...។

«គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ» បានបញ្ជាក់ថា មានកត្តាជាច្រើនដែលបណ្តាលឱ្យបរិមាណត្រីនាគ ធ្លាក់ចុះជាលំដាប់រួមមាន៖ ការរំខាន និងការបាត់បង់ទីជម្រក។ អ្នកនេសាទចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វា។ ម៉្យាងវិញទៀតត្រីប្រភេទនេះ រកស៊ីនៅស្រទាប់លើនៃផ្ទៃទឹក វាស៊ីសត្វល្អិតនៅលើផ្ទៃទឹក សត្វល្អិតទុំលើមែកឈើប៉ប្រ៉ះផ្ទៃទឹក និងកូនត្រីផ្សេងៗ ដូច្នេះហើយ ទើបវាងាយនឹងជាប់មងរបស់អ្នកនេសាទណាស់។ វាជាប្រភេទត្រីបង្កកំណើតបានតិចតួច ដោយវាអាចទម្លាក់ពងម្តង បានត្រឹមតែ២០-៥០គ្រាប់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ត្រីនាគពេញវ័យបន្តពូជ តែងត្រូវជាប់មងរបស់អ្នកនេសាទដោយចៃដន្យជារៀងរាល់ថ្ងៃ បើទោះបីពួកគាត់ពុំបានដាក់គោលដៅ និងមានបំណងចាប់ត្រីនាគក៏ដោយ។

តាមរយៈស្ថាប័នដដែលបន្តឱ្យដឹងថា ត្រីនាគ ជាប្រភេទត្រីរកចំណីនៅស្រទាប់លើនៃផ្ទៃទឹក។ វាស៊ីសត្វល្អិតផ្សេងៗ និងកូនត្រីជាអាហា ហើយពេញវ័យ និងអាចបន្តពូជបាននៅអាយុចាប់ពី ៣-៤ឆ្នាំ។ ត្រីប្រភេនេះអាចពងម្តងបានចាប់ពី២០-៥០គ្រាប់ ដោយត្រីនាគឈ្មោល មានភារកិច្ចពាំពងទាំងនោះនៅក្នុងមាត់ រយៈពេលពី៣០-៥០ថ្ងៃ ដោយវាពុំស៊ីចំណី រហូតដល់ថ្ងៃញាស់។ ត្រីប្រភេទនេះសម្បូររស់នៅតាមដងស្ទឹងអារ៉ែងខ្លាំង កាលពីអំឡុងទស្សវត្សរ៍ទី៩០ និងត្រូវបានអ្នកនេសាទប្រមាញ់ទៅលក់ឱ្យឈ្មួញប្រទេសក្បែរខាង។ លុះដល់ឆ្នាំ២០០១ អង្គការអភិរក្សអន្តរជាតិ Conservation International (CI) បានមកដល់តំបន់ស្ទឹងអារ៉ែង ហើយចន្លោះឆ្នាំ២០០២ ទៅ២០០៣ អង្គការបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធ្លាប់ដើរប្រមូលចាប់ត្រីនាគទាំងអស់នៅក្នុងភូមិ ឱ្យបង្វែរទិសពីការប្រមាញ់កូនត្រីនាគយកទៅលក់ មកជាការដើរល្បាតការពារ ដើម្បីអភិរក្សត្រីនាគវិញ។

ទោះយ៉ាងណា បច្ចុប្បន្ន បរិមាណត្រីនាគបានបន្តធ្លាក់ចុះជាលំដាប់បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយចុះ។ ជុំវិញការធ្លាក់ចុះប្រភេទត្រីកម្រនៅក្នុងតំបន់នេះ អតីតអ្នកប្រមាញ់ត្រីនាគមួយរូប បានដាក់ការសង្ស័យថា អាចមានកសិដ្ឋានណាអាចបង្កាត់ភ្ញាស់កូនត្រីនាគ ទទួលបានជោគជ័យហើយ ទើបឈ្មួញមិនដើរប្រមូលទិញដូចពីមុនទៀត។ គួរជម្រាបថា ស្ទឹងអារ៉ែង គឺជាស្ទឹងមួយដែលទទួលបានរបបទឹកពីជួរភ្នំក្រវាញ លាតសន្ធឹងក្នុងឃុំចំនួន៣ គឺ ឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ហូរចាក់ចូលទៅក្នុងសមុទ្ទឆ្លងកាត់តាមស្ទឹងត្រពាំងរូង និងព្រែកខ្លងយ៉ៃ ក្នុងខេត្តកោះកុង។ បច្ចុប្បន្ននេះ តំបន់ស្ទឹងអារ៉ែង បានក្លាយទៅជាតំបន់សហគមន៍អេកូទេសចរណ៍មួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅសម្រាកកម្សាន្ត ដែលមានចម្ងាយ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង៨០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ តំបន់នេះមានគោលដៅទេសចរណ៍ជាង៦០កន្លែង មានដូចជា៖ តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ទីជម្រកសត្វក្រពើត្រី ឬក្រពើភ្នំ ទីជម្រកត្រីនាគ ឬត្រីតាពត តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅជាដើម។ល។...៕







