តើវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសផ្តោតលើបញ្ហាអ្វីខ្លះ?
ហៀប ស៊ីថេត
17 មករា 2024 07:00 AM

ផ្ទៃមេឃនៃប្រទេសស្វីសកំពុងបញ្ចេញរស្មីនៅសប្តាហ៍នេះ ជាមួយនឹងយន្តហោះស្អេកស្កះពេញលំហអាកាស ដឹកអ្នកជំនួញ អ្នកដឹកនាំនយោបាយ អ្នកសារព័ត៌មាន និងមហាសេដ្ឋីទៅកាន់ទីក្រុងដាវ៉ូសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

នៅឆ្នាំនេះ ប្រមុខរដ្ឋជាង ៦០ប្រទេសរួមទាំងប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីសាក់ ហ៊ឺហ្សុក (Isaac Herzog), ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky), ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល  ម៉ាក្រុង (Emmanuel Macron), នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang), និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមក្នុងវេទិកា WEF ផងដែរ។ ជាពិសេសសហរដ្ឋអាម៉េរិកបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក អាន់ថូនី ប្លីងខេន (Antony Blinken), ទីប្រឹក្សាសន្តិសុខជាតិលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan), និងបេសកជនអាកាសធាតុពិសេសលោក ចន ឃឺរី (John Kerry)។ ក្រៅពីនេះក៏មានវត្តមានមេដឹកនាំជាច្រើនរូប មហាសេដ្ឋីនិងអ្នកជំនួញគ្រាក់ៗជាច្រើននាក់ផងដែរបានចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ ជាក់ស្តែង នាយកប្រតិបត្តិអាជីវកម្មយក្សដែលចូលរួមរួមមាន៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក សត្យា ណាដេលឡា (Satya Nadella), នាយកប្រតិបត្តិ OpenAI លោក សាម អាល់ត៍ម៉ែន (Sam Altman), នាយកប្រតិបត្តិ JPMorgan Chase លោក ជេមី ឌីម៉ុន (Jamie Dimon), នាយកប្រតិបត្តិធនាគារអាម៉េរិកលោក ប្រាយអ៊ិន ម៉ូយ៍នីហាន (Brian Moynihan), និងនាយកប្រតិបត្តិ BlackRock លោក ឡារី ហ្វីងឃ៍ (Larry Fink) ជាដើម។

​ក្នុង​នាម​ជា​អ្នក​មាន​ឥទ្ធិពល​ដ៏​ធំ​បំផុត​របស់​ពិភពលោក តើពួកគេបានមើលឃើញនិងលើកឡើងអ្វីខ្លះ?

ការបោះឆ្នោតនៅជុំវិញពិភពលោក៖ ប្រទេសធំៗមួយចំនួនខិតជិតការបោះឆ្នោតដ៏សំខាន់នៅឆ្នាំនេះ ពោលគឺពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកនឹងត្រូវបោះឆ្នោតនៅឆ្នាំ២០២៤ ខណៈមេដឹកនាំព្រួយបារម្ភជាខ្លាំងអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះអាចផ្លាស់ប្ដូរសម្ព័ន្ធភាពអន្តរជាតិ និងគោលនយោបាយសេដ្ឋកិច្ចពិភពលោក។ ការចាប់អារម្មណ៍ជាពិសេសគឺការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាម៉េរិក និងរបៀបដែលលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតដំបូងនៃឆ្នាំ២០២៤ នៅរដ្ឋ Iowa។ ទន្ទឹមនឹងនេះ ឆ្នាំនេះក៏នាំមកនូវការបោះឆ្នោតសំខាន់ៗផ្សេងៗជាពិសេសនៅកោះតៃវ៉ាន់ ឥណ្ឌូណេស៊ី ឥណ្ឌា និងម៉ិកស៊ិកផងដែរ។

គ្រោះមហន្តរាយអាកាសធាតុ៖ បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាប្រធានបទដ៏ក្ដៅគគុកនៅពេលដែលមេដឹកនាំពិភពលោកជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងនិរន្តរភាព។ ជាក់ស្តែង បម្រែបម្រួលអាកាសធាតុបានក្លាយជាក្ដីកង្វល់ដ៏ធំមួយសម្រាប់ពិភពលោកទាំងមូល។ របាយការណ៍ហានិភ័យសកលរបស់ WEF ដែលបានបោះពុម្ពកាលពីសប្តាហ៍មុនបានរកឃើញថា ការប្រែប្រួលអាកាសធាតុគឺជាហានិភ័យដ៏ធំបំផុតមួយដែលពិភពលោកកំពុងប្រឈមមុខ។ ទន្ទឹមគ្នានេះ របាយការណ៍​ក៏​បាន​បង្ហាញផង​ដែរ​ថា ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​លើ​បញ្ហា​នេះ​គឺ​ខ្វះខាត។ ដូច្នេះមេដឹកនាំទំនងពិភាក្សាលើកឡើងអំពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការអភិវឌ្ឍបៃតង ខណៈប្រតិបត្តិការទាំងនេះមិនមានកិច្ចព្រមព្រៀងច្រើនទេ។ ការកើនឡើងនៃគ្រោះធម្មជាតិធ្ងន់ធ្ងរ រួមទាំងការកើនឡើងនៃសីតុណ្ហភាព គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃបាននាំឱ្យមានមហន្តរាយពិភពលោកក្នុងរយៈពេល១០ឆ្នាំមកហើយ។

កាលានុវឌ្ឍភាពសេដ្ឋកិច្ចមួយទសវត្សរ៍រសាត់តាមខ្យល់៖ នៅក្នុងពិភពលោកមួយដែលទើបតែងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ១៩  និងវិសមភាពប្រាក់ចំណូលខ្ពស់គួរឱ្យភ្ញាក់ផ្អើល គឺជាប្រធានបទរបស់ពិភពលោកពិភាក្សាច្រើនបំផុត។ ធនាគារពិភពលោកបានអះអាងកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងដាំក្បាលចុះក្រោមដ៏អាក្រក់បំផុតដល់ពាក់កណ្តាលទសវត្សរ៍នៃកំណើនក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ប្រសិនបើគ្មានការកែតម្រូវ ឬវិធានការដោះស្រាយទេ នោះនឹងកាន់តែយ៉ាប់យ៉ឺន។

ភាពគ្មានការងារកើនឡើងយ៉ាងគំហុក៖ សក្ដានុពលភាពរបស់បញ្ញាសិប្បនិម្មិត (AI)បានផ្លាស់ប្ដូរសេដ្ឋកិច្ច និងបង្កផលប៉ះពាល់អភិក្រមធុរកិច្ចយ៉ាងខ្លាំង។ មែនទែនទៅ ស្ទើរតែ ៤០ភាគរយនៃការងារនៅជុំវិញពិភពលោកអាចរងផលប៉ះពាល់ដោយការកើនឡើងនៃ AI ដែលជានិន្នាការធ្វើឱ្យវិសមភាពការងារកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លើសពីនេះ​ ការព្រួយបារម្ភអំពី AI ក៏បានរំខានដល់ការបោះឆ្នោត ខណៈ AI បានឈរលើកំពូលតារាងនៃហានិភ័យធំបំផុតសម្រាប់ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍របស់ WEF។

ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ ជាមួយនឹងជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិន ភូមិសាស្ត្រនយោបាយបានក្លាយជាប្រធានបទសំខាន់មួយទៀតនៃ WEF។ មេដឹកនាំបានប្រមូលផ្តុំគ្នានៅទីក្រុងដាវ៉ូស កាលពីថ្ងៃអាទិត្យសប្តាហ៍មុនដើម្បីពិភាក្សាអំពីផែនការសន្តិភាព ១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែនដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ីស្រាអែលក៏នឹងចូលរួមក្នុងកិច្ចពិភាក្សាពីការសម្រេចបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលប្រេះស្រាំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក និងប្រធានប្រតិបត្តិ WEF នៅចុងសប្តាហ៍នេះផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត