
អង្គភាពស៊ើបការណ៍សេដ្ឋកិច្ច EIU (Economist Intelligence Unit) បានបង្ហាញថា រដ្ឋធានីសិង្ហបុរី និងទីក្រុងហ្ស៊ូរីច (Zurich) របស់ប្រទេសស្វីស បានជាប់ជារាជធានី និងទីក្រុងដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់មកគឺទីក្រុងហ្សឺណែវ ញូវយ៉ក និងហុងកុង។

EIU បានឱ្យដឹងនៅក្នុងរបាយការណ៍ថា ជាមធ្យមតម្លៃបានកើនឡើង៧,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងលក្ខខណ្ឌរូបិយបណ្ណក្នុងស្រុកសម្រាប់ទំនិញ និងសេវាកម្មដែលប្រើជាទូទៅជាង២០០ប្រភេទ ដែលជាការធ្លាក់ចុះពីកំណើន៨,១ភាគរយកាលពីឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ជាងនិន្នាការក្នុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ សិង្ហបុរីទទួលបានចំណាត់ថ្នាក់កំពូលជាលើកទីប្រាំបួនក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ ដោយសារកម្រិតតម្លៃខ្ពស់នៅទូទាំងប្រភេទជាច្រើន។ តម្លៃដឹកជញ្ជូនរបស់ប្រទេសនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុតរបស់ពិភពលោក ដោយសារការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលលើបរិមាណរថយន្ត។ ទីក្រុងដ៏ស៊ីវិល័យនេះ ក៏ស្ថិតក្នុងចំណោមតម្លៃថ្លៃបំផុតសម្រាប់សម្លៀកបំពាក់ គ្រឿងទេស និងគ្រឿងស្រវឹងផងដែរ។

ដោយឡែក ការកើនឡើងរបស់ទីក្រុង Zurich បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃប្រាក់ហ្វ្រង់ស្វីស និងតម្លៃខ្ពស់សម្រាប់គ្រឿងទេស ទំនិញប្រើប្រាស់ក្នុងផ្ទះសម្បែង និងការកម្សាន្ត។ ទីក្រុងហ្សឺណែវ និងញូវយ៉ក ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈហុងកុងស្ថិតនៅលេខ៥ និងទីក្រុងឡូសអេជឺលេសស្ថិតនៅលំដាប់លេខ៦។ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា អាស៊ីមានកំណើនតម្លៃទាបជាមធ្យមបើធៀបនឹងតំបន់ផ្សេងទៀត។ ដោយឡែក ទីក្រុងរបស់ចិនចំនួន៤ ដូចជា ទីក្រុងណានជីង វ៉ូស៊ី ដាលាន និងរដ្ឋធានីប៉េកាំង បានធ្លាក់ពីចំណាត់ថ្នាក់របស់ខ្លួន រួមជាមួយនឹងទីក្រុងអូសាកា និងរាជធានីតូក្យូរបស់ប្រទេសជប៉ុនផងដែរ៕



