ជនសង្ស័យ០៤នាក់​ត្រូវអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
យិត​​ ស្រីល័ក្ខ
16 មករា 2024 07:30 PM

ខេត្តបាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​​ ប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ នៅភូមិស្លាកែត និងភូមិស្វាយជ្រុំ​​ ខេត្តបាត់ដំបង​​​ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ច​​បានឱ្យដឹងថា ​​ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅទីតាំងពីរផ្សេងគ្នាដែលទីតាំងទី១នៅចំណុចទីលានចាក់សំរាមស៊ិនទ្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង​​ ខេត្តបាត់ដំបង និងទីតាំងទី២នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់រួមមាន៖​​ ទី១-ឈ្មោះ ម៉ូ ប៉ុល ភេទប្រុស អាយុ៦១ឆ្នាំ ជាអ្នកទិញអេតចាយ ទីលំនៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​​ ខេត្តបាត់ដំបង។ ទី២-ឈ្មោះ លី គឹមសួអី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​​ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះ សេង ប៊ុនសុង  ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកលក់ដូរ ទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​​។ ទី៤-ឈ្មោះ អ៊ឹង ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន១០កញ្ចប់ ទម្ងន់២៩៨,៧១ក្រាម ទូរសព្ទដៃ០៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង ម៉ូតូ០២គ្រឿង ប្រាក់ចំនួន៥លានរៀល​​ កូនកាំបិតចំនួន០១ និងឧបករណ៍ប្រើប្រាស់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។​​ បច្ចុប្បន្ន​​ ជនសង្ស័យទាំងបួននាក់​​ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕

រាយការណ៍ដោយភ្នាក់ងារ៖​ ខេត្តបាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត