
ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធដោយគ្មានលិខិតអនុញ្ញាត និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៤៣នាក់ ជនជាតិចិនតៃវ៉ាន់៥នាក់ ជនជាតិខ្មែរ០២នាក់ ព្រមទាំងដកហូតបាននូវសារធាតុញៀនចំនួន១៥៣០៨,៧៤ក្រាម និងអាវុធខ្លីចំនួន០៣ដើម...។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៧ធ្នូ ម្សិលមិញថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ៥០នាក់ ក្នុងអាគារផ្ទះសំណាក់ខារ៉ាអូខេណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ករណីជួញដូររក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត។ ជនសង្ស័យទាំង៥០នាក់នោះ មានជនជាតិវៀតណាម៤៣នាក់ (ស្រី១១នាក់) ជនជាតិចិនតៃវ៉ាន់៥នាក់ ជនជាតិខ្មែរ០២នាក់ (ស្រីម្នាក់)។

បន្ថែមលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តឱ្យដឹងទៀតថា វត្ថុតាងដែលដកហូតបានសារធាតុញៀនសរុបទម្ងន់១៥៣០៨,៧៤ក្រាមក្នុងនោះរួមមាន៖ ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់៥៦៨៨,១៩ក្រាម ថ្នាំញៀនប្រភេទ អិចស្តាស៊ី ទម្ងន់៧១៤៩,៣៤ក្រាម ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់៤៩២,០៨ក្រាម នីមេតាហ្សេប៉ាម ទម្ងន់១៩៥១,៥២ក្រាម មេតំហ្វេតាមីន(WY)ទម្ងន់១៦,៣១ក្រាម ម្សៅចម្រុះពណ៌(MDMA)ទម្ងន់១១,៣១ក្រាម។ជាមួយគ្នានោះ ក៏នៅមានសារធាតុមិនច្បាស់លាស់ ទម្ងន់៤២១៤៣,១១ក្រាម សារធាតុគីមី ទម្ងន់១០៣២ក្រាម សារធាតុគីមីផ្សំ ទម្ងន់៥៥០០ក្រាម រុក្ខជាតិក្រៀម ទម្ងន់៣៥០,៨១មក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១៤ អាវុធខ្លីចំនួន០៣ដើម គ្រាប់ចំនួន១៥០ លិខិតឆ្លងដែន១៩ក្បាល រថយន្ត០៥គ្រឿង ទូរសព្ទដៃ៤៥គ្រឿង ម៉ាស៊ីនកែច្នៃផលិត និងម៉ាស៊ីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕







