ឧក្រិដ្ឋជនវៀតណាម និងចិន៤នាក់ ជួញដូរគ្រឿងញៀន​ជិត៦០គីឡូក្រាម ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប
យិត​​ ស្រីល័ក្ខ
22 ធ្នូ 2023 10:00 AM

រាជធានីភ្នំពេញ៖​​​ ជនជាតិ​​វៀតណាម២នាក់ និងចិន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួន​​ពាក់ព័ន្ធលើ​ករណីជួញដូរ និងរក្សាទុកគ្រឿងញៀន​​ទម្ងន់៥៨,៦៣៨គីឡូក្រាម...។

មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងកាលពីថ្ងៃទី២១ម្សិញមិញថា​​​ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន នៅពីរគោលដៅផ្សេងៗគ្នារួមមានគោលដៅទី១៖ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។​ គោលដៅទី២៖ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖ទី១. ឈ្មោះ ហ្ស៊ី ជី XIE JIE ភេទប្រុស ជនជាតិចិន​​ អាយុ២៧ឆ្នាំ, ទី២.ឈ្មោះ​​ លី មីញហ៊ុយ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម អាយុ២១, ទី៣.ឈ្មោះ ត្រាន់ ង៉ុកផាត់ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម អាយុ​ឆ្នាំ២២ និងទី៤. ឈ្មោះ ហ្សាង ប៉ីប៉ី ZANG PEIPEI ភេទប្រុស ជនជាតិចិន អាយុ៣៣។

មន្ទីរប្រឆាំងគ្រឿងញៀន​​​ បានឱ្យដឹងបន្តថា​​ វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនមានទម្ងន់សរុប៥៨,៦៣៨ គីឡូក្រាមរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់២៦,៤៦គីឡូក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់២៨,៣៨០គីឡូក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់0,៨៣២ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់២,៩៦៦គីឡូក្រាម។ ​សារធាតុផ្សំបង្កើនបរិមាណ ទម្ងន់៣៣៦,៤០គីឡូក្រាម និងសារធាតុមិនច្បាស់៣,៩៦៦គីឡូក្រាម។ បច្ចុប្ប​ន្នជនសង្ស័យ និងវត្ថុតាងរឹបអូស ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត