មន្ទីរសាធារណការខេត្តប៉ៃលិនក្រើនរំឭកពលរដ្ឋយករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេស
អុន សម្ផស្ស
16 មករា 2024 09:30 AM

ខេត្តប៉ៃលិន៖ មន្ទីរសាធារណការខេត្តប៉ៃលិន ក្រើនរំឭកពលរដ្ឋយករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ស្របពេលក្រសួងកំពុងរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តនៅក្នុងខេត្ត។ នេះបើយោងតាមលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បញ្ជាក់ប្រាប់ SBM News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

លោក គួន មករា បញ្ជាក់ថា​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន CMVIC1 រៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅក្នុងខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្តឬឆៀក នៅក្នុងមន្ទីរសាធារណការខេត្ត ស្ថិតនៅក្នុង ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អនុប្រធានមន្ទីររូបនោះបន្ថែមថា មន្ត្រីជំនាញនឹងដំណើរការបម្រើប្រជាពលរដ្ឋចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីវេលាម៉ោង ៧:០០ព្រឹក រហូតដល់វេលាម៉ោង ១១:០០ថ្ងៃត្រង់ រីឯពេលរសៀលចាប់ពីវេលាម៉ោង ២:០០ រហូតដល់ម៉ោង ៥:០០ល្ងាច។ ការត្រួតពិនិត្យយានយន្តនេះ សម្រួលដល់ប្រជាពលរដ្ឋជាខ្លាំង ព្រោះកាលពីមុនពលរដ្ឋត្រូវយកទៅត្រួតពិនិត្យនៅ ខេត្តបាត់ដំបង ខេត្តសៀមរាប ឬរាជធានីភ្នំពេញ។ ប៉ុន្តែពេលនេះក្រសួងបានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ។

លោក គួន មករា ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច។ ម៉្យាងទៀតពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប្រើប្រាស់យានយន្តដែលមិនបានត្រួតពិន្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕ 

រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តប៉ៃលិន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត