
ខេត្តមណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បច្ចុប្បន្នត្រូវបានស្ថាបនាតភ្ជាប់ឡើងវិញរួចរាល និងបើកឱ្យធ្វើចរាចរណ៍សម្រាប់រថយន្តគ្រប់ប្រភេទវិញជាធម្មតា។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

ក្រសួងអះអាងថា៖«កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតប្រមាណ១៦៦ម៉ែត្រ[..]ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញបានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង៤២៥ម៉ែត្រ បានលទ្ធផល១០០ភាគរយ និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ»។ គួរជម្រាបថា ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) មានប្រវែង១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកាសាងសង់ចំនួន៥១លាន៩សែនដុល្លារអាម៉េរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។

សូមរំឭកថា គិតចាប់ពីពេលស្ថាបនារួចមកមានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្ដងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមកដោយមន្ទីរជំនាញ។ ក៏ប៉ុន្តែដោយសារកត្តាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កំណាត់ផ្លូវជាតិនេះត្រង់ចំណុចអូរងើយ ត្រូវអាជ្ញាធរបិទចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ(រអិលបាក់ដី៧០ម៉ែត្រ និងស្នាមប្រេះ៩៦ម៉ែត្រផងដែរ)។ ក្រោយមកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ មន្ត្រីជំនាញបានចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម លើទីតាំងបាក់ស្រុត និងការស្ថាបនាផ្លូវវាងប្រវែង ១០០០ម៉ែត្រ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ដោយធានាគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិន មុននឹងចាប់ផ្តើមជួសជុលផ្លូវដើមឡើងវិញ៕





