
ក្រសួងសាធារណការ បានឱ្យដឹងកាលពីថ្ងៃអង្គារទី២ខែមករាថា យានយន្តប្រមាណ៨៣ ៩០០ គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ទី ៣០ ខែធ្នូឆ្នាំ ២០២៣ ដល់ថ្ងៃចន្ទទី ១ ខែមករាឆ្នាំ ២០២៤។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានយានជំនិះចំនួន ២១ ៩០០ គ្រឿងឆ្លងកាត់នៅថ្ងៃសៅរ៍ទី ៣០ ខែធ្នូឆ្នាំ ២០២៣ និង ២៨ ៩០០ គ្រឿងនៅថ្ងៃអាទិត្យទី ៣១ ខែធ្នូឆ្នាំ ២០២៣ និង ៣៣ ១០០ គ្រឿងនៅថ្ងៃចន្ទទី ១ ខែមករាឆ្នាំ ២០២៤។ លោកបាននិយាយថា៖«យានយន្តច្រើនសន្ធឹកបានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ហើយនេះបង្ហាញថាផ្លូវល្បឿនលឿននេះគឺជាផ្លូវដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម។ ជាមួយផ្លូវល្បឿនលឿន ក្រុងព្រះសីហនុបានក្លាយជាចំណុចទាក់ទាញទេសចរណ៍ដ៏មានសក្តានុពល»។

វិនិយោគដោយក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ក្នុងទំហំទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាម៉េរិក ផ្លូវល្បឿនលឿនប្រវែង ១៨៧ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិនៃខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿននេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមក្រុមហ៊ុន Cambodia PPSHV Expressway ដែលជាប្រតិបត្តិករផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យានយន្តជិត ៥,២ លានគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងឆ្នាំដំបូងនៃប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន។
យានយន្តសរុប ១១៨ ៤៩៦ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២៥ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៥ ខែធ្នូ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន១១៨ ៤៩៦ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរសព្ទសង្គ្រោះ១៣៩៩ ចំនួន៣២៥ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ១១៧ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ២០៧ករណី)។

លោក សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ផ្លូវល្បឿនលឿននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ហើយវាជាផ្លូវយុទ្ធសាស្ត្រសម្រាប់ព្រះរាជាណាចក្រក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត។ លោកបានបន្តថា៖ «ការធ្វើដំណើរលើផ្លូវល្បឿនលឿនបានចំណេញទាំងប្រេងនិងពេលវេលា ហើយមានសុវត្ថិភាពជាងការធ្វើដំណើរលើផ្លូវធម្មតាទៅទៀត»។ លោក សុទ្ធាយុត្តិ បន្ថែមថា ផ្លូវល្បឿនលឿន គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ គួរបញ្ជាក់ថា ជាមួយនឹងគន្លងពីរសម្រាប់ចរាចរណ៍ក្នុងទិសដៅនីមួយៗ បូកនឹងគន្លងសង្គ្រោះបន្ទាន់នៅសងខាង និងក្រាលបេតុងកៅស៊ូ យានជំនិះនឹងអាចទៅដល់គោលដៅក្នុងរយៈពេលពីរម៉ោងតាមរយៈផ្លូវល្បឿនលឿនជំនួសឱ្យរយៈពេលប្រាំម៉ោងនៅលើផ្លូវជាតិលេខ៤៕






