
ខេត្តមណ្ឌលគិរី៖ អ្នកធ្លាប់ទៅលេងខេត្តមណ្ឌលគិរី ច្បាស់ជាដឹងហើយថា ចុងឆ្នាំជាពេលវេលាដ៏សក្តិសមបំផុតក្នុងការទៅលេងនៅភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ព្រោះមានអាកាសធាតុត្រជាក់ល្អ និងមិនមានភ្លៀង ងាយស្រួលក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងភាពអំណោយផលនេះ ក្រសួងទេសចរណ៍បានណែនាំកន្លែងដើរលេងសំខាន់ៗចំនួន៦ ដែលលាក់ខ្លួនក្នុងព្រៃតែមានសម្រស់ស្រស់ស្អាត សក្ដិសមសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត សម្រាកលំហែ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣នេះ។

បើតាមក្រសួងទេសចរណ៍ទីតាំងទាំងនោះរួមមាន៖ ទី១.ភ្នំដោះក្រមុំ ស្ថិតនៅក្បែរនឹងកណ្តាលក្រុងផ្ទាល់។ ភ្នំនេះជាកន្លែងដែលមិនគួររំលងពេលទៅលេងមណ្ឌលគិរី ដោយហេតុថាទីនេះជាកន្លែងសក្តិសមបំផុតសម្រាប់មើលថ្ងៃលិច និងទេសភាពក្រុងសែនមនោរម្យពីចម្ងាយ។ ភ្នំដោះក្រមុំ គឺជាបូជនីយដ្ឋានទេសចរណ៍ មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។
ទី២. ទឹកធ្លាក់លែងអង លែងឃិន លាក់ខ្លួនក្នុងតំបន់អូរាំងនៃខេត្តមណ្ឌលគិរី ទឹកធ្លាក់នេះមានសម្រស់ស្រស់ស្អាត និងប្លែកពីទឹកធ្លាក់ផ្សេងៗ ដោយមានដំណាក់ទី១ហៅថា លែងអង និងដំណាក់ទី២ ហៅថាលែងឃិន។ នៅពេលភ្ញៀវទេសចរធ្វើដំណើរចូលទៅទីនោះនឹងឆ្លងកាត់ទេសភាពវាលស្មៅអមសងខាងផ្លូវយ៉ាងវែង។
ទី៣. ភូមិពូតាំង មានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ។ នៅទីនេះ ភ្ញៀវទេសចរអាចស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង ភ្លក់រសជាតិស្រាឪទិន បោះតង់ និងសាកអាហាររបស់បងប្អូនជនជាតិផងដែរ។

ទី៤. មិនខុសពីទីតាំងដទៃ នៅពេលនិយាយពីខេត្តមណ្ឌលគិរី គេតែងនឹកឃើញ ទឹកជ្រោះប៊ូស្រា ជាមិនខានក៏ព្រោះតែទីនេះជាគោលដៅទេសចរណ៍សំខាន់ និងមានទេសភាពស្រស់ស្អាតក្នុងការទៅកម្សាន្ត។ អ្វីដែលពិសេសនោះគឺ ការធ្វើដំណើរមិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យត្រឹម ៣៨គីឡូម៉ែត្រ។ នៅទីនោះភ្ញៀវទេសចរអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ និងលេងទឹកធ្លាក់។
ទី៥. អណ្តូងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ ដែលមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ដោយផ្លូវទៅកាន់កន្លែងកម្សាន្តនេះមានភាពងាយស្រួលដោយវាជាប់ហ្នឹងផ្លុវធំស្រាប់។ ទីនេះជាទួលខ្ពស់ដែលយើងអាចឡើងទៅគយគន់ទេសភាពព្រៃភ្នំ និងផ្លូវកាច់កោងចេញជារាងអក្សរ អេស ផងដែរ។
រីឯទី៦. ភ្នំណាំលៀ ជារមណីយដ្ឋានប្លែកមួយក្នុងខេត្ត និងប្រទេសកម្ពុជា ភ្នំណាំលៀជាភ្នំថ្មលាក់ខ្លួននៅកណ្តាលព្រៃ ដែលពេលយើងដើរឡើងទៅលើ យើងអាចទស្សនាទេសភាពព្រៃព័ទ្ធជុំវិញទីនោះផងដែរ ហើយប្រសិនទៅលេងខេត្តមណ្ឌលគិរី ចង់បានកន្លែងគេងដែលស្អាត និងសេវាកម្មល្អ កុំភ្លេច ភីដូម៉ារីស៊ត ស្ថិតក្បែរក្រុង ព្រមទាំងអាចទស្សនាថ្ងៃលិច និងថ្ងៃរះបានទៀតផង៕











