
(បាល់ទាត់)៖ សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក ឬហៅកាត់ថា FIFA បានប្រកាសថា ការប្រកួត Club World Cup ដែលមាន៣២ក្រុមលើកដំបូង នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ នៅលើទឹកដីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា..។

ជាមួយគ្នានេះដែរ ការប្រកួតនេះនឹងមានក្លឹបមកពីសហព័ន្ធនីមួយៗក្នុងចំណោម៦ ដោយទ្វីបអឺរ៉ុបមាន១២ក្រុមចូលរួម។ ក្នុងនោះក្លឹប Chelsea, Real Madrid ក៏ដូចជា Manchester City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិជាអ្នកឈ្នះ Champions League ថ្មីៗបំផុតក្នុងរយៈ៤ឆ្នាំ។ ក្លឹប Arsenal ក៏នឹងត្រូវចូលរួមដែរ ប្រសិនបើពួកគេឈ្នះ Champions League នៅរដូវកាលនេះ។ សម្រាប់ក្លឹប Bayern Munich, Paris St-Germain, Inter Milan, Porto និង Benfica ក៏ទទួលបានកៅអីនៅក្នុងការប្រកួតក្នុងឆ្នាំ២០២៥ ផងដែរ ព្រោះតាមរយៈចំណាត់ថ្នាក់របស់ពួកគេ។ សូមបញ្ជាក់ថា ជុំវិញការប្រកាសខាងលើនេះ បន្ទាប់ពីប្រធាន FIFA លោក Gianni Infantino បានបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យទី១៧ធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ..៕



