
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិពណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៦ កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អន្តរជាតិ...។

ក្រសួងគូសបញ្ជាក់ថា ក្នុងឱកាសនៃការរៀបចំពិពណ៌ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិនេះ ក្រសួងមានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា៖ សិក្ខាសាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលកិច្ចការទាំងនេះ នឹងត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រ និងអភិវឌ្ឍន៍វិស័យឯកជន។ ម៉្យាងវិញទៀតការរៀបចំព្រឹត្តិការណ៍នេះ ក៏មានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានោះក្រសួងមានជំនឿថា៖«ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ»។

គួរជម្រាបថា ពិពណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពិពណ៌ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំតែមួយគត់ដែលបានរៀបចំ និងចាត់ចែងដោយក្រសួងពាណិជ្ជកម្មកម្ពុជាចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ ពិពណ៌នេះបានកំណត់កាលបរិច្ឆេទរៀបចំចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ នឹងជួយលើកទឹកចិត្តផលិតករកម្ពុជា ខិតខំបន្ថែមទៀតក្នុងការធ្វើទំនើបកម្មផលិតកម្ម អភិវឌ្ឍន៍ផលិតផល សេវាសម្រាប់បម្រើទីផ្សារ និងជាវេទិកាសម្រាប់ការជួបជុំរវាងគ្រប់ភ្នាក់ងារពាក់ព័ន្ធសេដ្ឋកិច្ចជាតិ -អន្តរជាតិ ដើម្បីបង្កើតសកម្មភាពពាណិជ្ជកម្ម រវាងសហគ្រាសកម្ពុជា និងអន្តរជាតិ៕








