
រាជធានីភ្នំពេញ៖ ប្រទេសជប៉ុនបានចំណាយទុនសរុបតម្លៃ២,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជានៃក្របខណ្ឌពាណិជ្ជកម្ម នៅរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ ចំណែកបើគិតពីគម្រោងវិនិយោគវិញ គឺមានសរុប១៣៨គម្រោង។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា...។

ក្នុងចំណោមគម្រោងវិនិយោគទាំង១៣៨ មាន៨គម្រោងស្ថិតក្នុងវិស័យទេសចរណ៍ដែលស្មើនឹងទុនវិនិយោគ១៨០០លានដុល្លារ។ នេះបើតាមការលើកឡើង របស់លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំឡុងពិធីបើកពិពណ៌ទេសចរណ៍ជប៉ុនលើកទី៥។ រដ្ឋលេខាធិការរូបនេះបន្ថែមថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ប្រទេសជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លារ ស្មើនឹងប្រមាណ១៥ភាគរយ នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់១៧០០នាក់។ ទោះជាយ៉ាងណា មន្ត្រីក្រសួងទេសចរណ៍រូបនេះ នៅតែផ្តោតអាទិភាពជាចំបងទៅលើវិស័យ និងចង់ឃើញទេសចរជប៉ុនមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ពិសេសទេសចរណ៍-វិនិយោគ។ នេះក៏ដោយសារតែទេសចរណ៍ គឺជាវិស័យអាទិភាព និងជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសង្គម។ ជាក់ស្ដែង នៅឆ្នាំ២០១៩ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៦,៦លាននាក់ ក្នុងអត្រាកំណើនទេសចរណ៍៦,៦ភាគរយ។ ក្នុងនោះទេសចរជប៉ុន មានចំនួនជាង២១ម៉ឺននាក់ កើនឡើង៣.៥ភាគរយ បានបង្កើតការងារផ្ទាល់ប្រមាណជាង៦៣ម៉ឺននាក់ ចូលរួមក្នុងផលិតផលជាតិសរុបជាង១២ភាគរយ។

មកដល់ឆ្នាំ២០២២ ក្រោយវិបត្តិកូវីដ-១៩ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួនជិត២,២៨លាននាក់ កើនឡើង១០៥៩ភាគរយ ក្នុងនោះ ទេសចរជប៉ុនមានប្រមាណជិត៣ម៉ឺននាក់ កើនឡើង១៣៧៨,៥ភាគរយ។ ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៤,៤លាននាក់ កើនឡើង១៧៩,៧ភាគរយ ក្នុងនោះទេសចរជប៉ុនមកកម្ពុជាមានចំនួន៦៦ម៉ឺននាក់កើនឡើង២៣៥ភាគរយ៕



