គេទៅមុនយើងទៀតហើយ..! នាយករដ្ឋមន្រ្តីថៃ ជំរុញឱ្យមានការបង្រៀន មួយថៃ នៅតាមសាលារៀនរបស់ប្រទេស
ម៉េងហុង
09 ធ្នូ 2023 03:00 AM

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ចាត់ទុកប្រដាល់ «មួយថៃ Muay Thai» ជាអំណាចស្រទន់កំពូលរបស់ប្រទេស ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចដ៏ធំសម្បើម។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឆៃ វ៉ាចារ៉ុងខេ (Chai Wacharonke) បានឱ្យដឹងកាលពីថ្ងៃសុក្រទី៨ ខែធ្នូ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា រាជរដ្ឋាភិបាលរបស់លោកចង់ឃើញ «មួយថៃ» បង្រៀននៅក្នុងសាលារៀនដើម្បីជួយបង្កើតអ្នកប្រដាល់អាជីពបន្ថែមទៀត ដែលមានសមត្ថភាពបង្រៀនក្បាច់គុនថៃនៅក្រៅប្រទេស នេះបើយោងតាមអ្នកនាំពាក្យ។ លោក សេដ្ឋា បាន​លើក​ឡើង​បែបនេះ ខណៈ​ជួប​ជាមួយ​កីឡាករមួយថៃលំដាប់ប្រទេស បួរខាវ បេនឆាមេក Buakaw Banchamek និងលោក ឆាទ្រី ស៊ីតយ៉តថង Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិនៃអ្នករៀបចំកម្មវិធី ONE Championship នៅ​វិមាន​រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ។ ពួកគេត្រូវបានអមដំណើរដោយ លោកភិមល ស្រ៊ីវីកន Pimol Srivikorn ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចស្រទន់របស់រាជរដ្ឋាភិបាលស្តីពីកីឡា។

លោក សេដ្ឋា បានលើកឡើងថា មួយថៃ គឺជាអំណាចស្រទន់ទី១របស់ប្រទេសថៃ ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំសម្បើមដល់ប្រទេសពីការផ្សាយបន្តផ្ទាល់ និងការផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក បន្ថែមពីលើកន្លែងហាត់មួយថៃជាច្រើនពាន់កន្លែងទាំងនៅក្នុង និងក្រៅប្រទេស។ លើសពីនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សន្យា​ថា ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​គ្រូ​បង្ហាត់​ក្បាច់​គុន​ថៃ​ក្នុង​ការ​បង្រៀន​ក្បាច់​គុន​នៅ​បរទេស ​ដោយ​ស្រប​ច្បាប់។ លោកបានកត់សម្គាល់ថា៖«ពួកគេភាគច្រើនធ្វើដំណើរដោយទិដ្ឋាការទេសចរណ៍ ហេតុដូច្នេះហើយត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្នុងប្រទេសទាំងនោះ។ ក្រសួង​ការ​បរទេស​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ។ ជាមួយគ្នានេះ ការិយាល័យអន្តោប្រវេសន៍នឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងការចូលប្រទេសសម្រាប់ការបណ្តុះបណ្តាលមួយថៃ»។ មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីទី៣០ រូបនេះ បានសង្កត់ធ្ងន់ថា សិល្បៈក្បាច់គុននេះ រកចំណូលបានយ៉ាងច្រើនសម្រាប់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលនឹងពង្រីកប្រជាប្រិយភាពរបស់វាឱ្យកាន់តែរីកសុសសាយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​ថៃ​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អំណាចស្រទន់​ក្នុង​គោល​បំណង​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ៤ពាន់​ពាន់​លាន​បាត (ជិត១១៣លាន​ដុល្លារ), បង្កើត​ការងារ​ចំនួន​២០​លាន​កន្លែងក្នុង​ប្រទេស​ និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។ ធាតុផ្សំស្នូលនៃគំនិតផ្តួចផ្តើមនេះ រួមមាន៖ ម្ហូបអាហារ កីឡា ពិធីបុណ្យ ទេសចរណ៍ តន្ត្រី សៀវភៅ ភាពយន្ត ហ្គេម សិល្បៈ ការរចនា និងម៉ូដ។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សភឿថៃ បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដើម្បីលើកកម្ពស់គោលនយោបាយអំណាចស្រទន់របស់ខ្លួន ហើយគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចស្រទន់ជាតិ ដែលទើបបង្កើតថ្មីបានស្នើសុំថវិកាចំនួន៥,១ពាន់លានបាត ទុកសម្រាប់ផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមថ្មីៗ។ ជាស្នូលរបស់វា អំណាចស្រទន់ គឺជាសមត្ថភាពរបស់ប្រទេសមួយក្នុងការជះឥទ្ធិពលលើអាកប្បកិរិយារបស់អ្នកដទៃ សម្រាប់គោលដៅសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ វាពឹងផ្អែកលើការទាក់ទាញ និងការបញ្ចុះបញ្ចូលជាជាងអំណាចរឹង ឬការបង្ខិតបង្ខំ ហើយជាទូទៅត្រូវបានអនុវត្តតាមរយៈមធ្យោបាយវប្បធម៌ នយោបាយ និងមនោគមវិជ្ជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត