ទេសចរអាម៉េរិកម្នាក់ថា ទីក្រុងប៉ាតាយ៉ានៃប្រទេសថៃ ជាប់ជាកន្លែងទេសចរណ៍គ្មានសុវត្ថិភាពបំផុតក្នុងលោក
ហៀប ស៊ីថេត
2 ឆ្នាំមុន

លោកស្រី ឆ្លូ ជេត Chloe Jade ជា​មនុស្សមាន​ឥទ្ធិពល​ម្នាក់​ បាន​ចងក្រង​ឯកសារ​អំពី​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​នៅ​លើបណ្តាញសង្គមអ៊ីនស្តាក្រាម Instagram ដោយបានលើកឡើងថា លោកស្រីបានទៅទស្សនាជាង៨០ប្រទេសរួចមកហើយ។ ទន្ទឹមគ្នានោះដែរ លោកស្រីបានលើកឡើងថា មានកន្លែងមួយចំនួនដែលលោកស្រីមានអារម្មណ៍ថា មិនមានសុវត្ថិភាពបំផុតក្នុងនាមអ្នកធ្វើដំណើរជាស្ត្រី។ តើប្រទេសណាខ្លះ ឬកន្លែងណាខ្លះ ដែលលោកស្រីគិតថាជាកន្លែងដែលគ្មានសុវត្ថិភាពបំផុតនោះ...? ខាងក្រោមនេះ ជាទីក្រុងចំនួន៥នៃ៥ប្រទេសផ្សេងគ្នា ដែលលោកស្រី ឆ្លូ ជេត គូសបញ្ជាក់ថា ជាកន្លែងទេសចរណ៍ដែលគ្មានសុវត្ថិភាពបំផុតនៅលើពិភពលោក។

លោកស្រី ឆ្លូ ជេត
លោកស្រី ឆ្លូ ជេត

ទី១. ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ៖ មែនទែនទៅ មានកន្លែងជាច្រើនដើម្បីទៅទស្សនានៅក្នុងប្រទេសថៃ ប៉ុន្តែប៉ាតាយ៉ា ត្រូវបានគេស្គាល់ថា ជាទីក្រុងនៃសេវាកម្មផ្លូវភេទដ៏អាក្រក់បំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។ ជាទឡ្ហីករណ៍ លោកស្រី ឆ្លូ ជេត ​បានសង្កត់ធ្ងន់ថា៖«ខ្ញុំមាន​អារម្មណ៍​ថា ​បុរស​បរទេស​ជា​ច្រើន​ដែល​ទៅ​ទីនោះ​ មានគោលបំណងក្នុងចិត្ត​តែ​​មួយ​គត់ ហើយ​វា​ជាក់លាក់​ណាស់ គឺដើម្បីរកសេវាកម្មផ្លូវភេទ។ ដូច្នេះ ការដែល​នៅ​ទី​នោះ​ក្នុង​នាម​ជា​មនុស្ស​ស្រី​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិនស្រណុកក្នុងចិត្ត និងមិន​ស្រួល​ជា​ខ្លាំង។ និយាយតាមត្រង់ទៅ ខ្ញុំតែងតែមានអារម្មណ៍ថា មានសុវត្ថិភាពនៅបណ្តាប្រទេសអាស៊ី ប៉ុន្តែទីក្រុង​ប៉ាតាយ៉ានៃប្រទេសមួយនេះ បានក្លាយជាសមោលតាមបន្លាចខ្ញុំ»។ តាមពិតទៅ ប៉ាតាយ៉ា ធ្លាប់ជាភូមិនេសាទដ៏ស្ងប់ស្ងាត់មួយនៅឆ្នេរសមុទ្រនៃប្រទេសថៃ ហើយបានរីកចម្រើនក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសថៃ ជាមួយនឹងសណ្ឋាគារដ៏ស្រស់ស្អាតរាប់មិនអស់ ប៉ុន្តែពេលខ្លះទីក្រុងមួយនេះត្រូវបានគេដាក់ឈ្មោះថាជា «ទីក្រុងឃាតកម្មនៃប្រទេសថៃ»។ ជាមួយ​នឹង​ការ​លើក​ឡើង​នេះ អត្រា​ឧក្រិដ្ឋកម្មនៅប៉ាតាយ៉ាមានកម្រិត​ខ្ពស់​បំផុត ក៏ដូចជា​អំពើ​ពុករលួយ និង​ការស៊ីសំណូក ជាពិសេសការ​ប្រើ​ប្រាស់​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀនដ៏សម្បូរបែប។

ទី២. រដ្ឋធានីប៊ែលក្រាដ ប្រទេសស៊ែប៊ី៖ ជាការពិតណាស់ រដ្ឋធានីប៊ែលក្រាដរបស់ប្រទេសស៊ែប៊ី ក៏ជាកន្លែងដែលមិនមានសុវត្ថិភាពបំផុតសម្រាប់ លោកស្រី ឆ្លូ ជេត ផងដែរ។ ស្ត្រីជនជាតិអាម៉េរិករូបនេះ បាននិយាយថា៖«មានពេលមួយ ខ្ញុំនៅខាងក្រោយឡានតាក់ស៊ី ហើយអ្នកបើកបរប្រាប់ខ្ញុំថា លោកស្អប់អាម៉េរិកណាស់។ ហើយបុរសរូបនោះមិន​ឱ្យខ្ញុំឡើងឡានទេ ដោយទុកខ្ញុំចោល ហើយ​ក្នុង​នាម​ជា​ស្ត្រី​ឯកោ​នៅ​ខាង​ក្រោយ​រថយន្ត នោះ​គឺ​ជា​រឿង​គួរ​ឱ្យ​ខ្លាចរអាខ្លាំង​ណាស់។ វាជារឿងឆ្កួតលីលាសម្រាប់ខ្ញុំ ដែលខ្ញុំមានអារម្មណ៍ថា មិនមានសុវត្ថិភាពនៅក្នុង រដ្ឋធានីប៊ែលក្រាដ»។

ទី៣. រដ្ឋធានីប៉ារីស ប្រទេសបារាំង៖ ប៉ារីសគឺជារដ្ឋធានីគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអាម៉េរិកជាច្រើន។ យ៉ាងណា លោកស្រី ឆ្លូ ជេត បានបរិហារថា៖«នៅពេលខ្ញុំទៅលេងប៉ារីស ខ្ញុំមានបទពិសោធដ៏គួរឱ្យខ្លាចមួយ ជាមួយបុរសក្នុងស្រុកម្នាក់ ដែលបានបង្ខំខ្ញុំឱ្យផឹកស្រាជាមួយគេ។ ពេល​ខ្ញុំ​ទៅ​ផ្ទះ​សំណាក់​នៅ​យប់​នោះ ខ្ញុំបែកញើស​ និងត្រជាក់ចុងដៃចុងជើង ហើយ​មាន​អារម្មណ៍​ថាមិន​ស្រួល។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ត្រូវ​បាន​គេ​ដាក់ថ្នាំសណ្តំ។ យ៉ាងណា ខ្ញុំ​គិត​ថា ​ខ្ញុំ​មាន​សំណាងណាស់ ​ដែល​ខ្ញុំ​បានគេច​ចេញ​ពី​កណ្តាប់ដៃរបស់បុរស​រូបនោះបាន»។

ទី៤. ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក៖ លោកស្រីបានលើកឡើងថា៖«ទីក្រុងនេះ ត្រូវបានបង្កើតឡើង ដោយមានផ្លូវដើរតូចៗ ហើយជួនកាលពិតជាគួរឱ្យខ្លាចណាស់ ក្នុងការដើរតែម្នាក់ឯង ខណៈបុរស​ជា​ច្រើនមើលទៅគួរឱ្យខ្លាចណាស់»។ យ៉ាងណា ស្ត្រីទេសចរជនជាតអាម៉េរិករូបនេះ បានកត់សម្គាល់ថា ទីនោះជាកន្លែងដែលស្ត្រីមានសិទ្ធិតិចជាងបុរស ប៉ុន្តែលោកស្រីពិតជាមានអារម្មណ៍ថា មានសុវត្ថិភាពបំផុតនៅក្នុងប្រទេសទាំងនោះ ដោយសារតែមានតំបន់សម្រាប់តែស្ត្រី ហើយវាមិនត្រូវបានអនុញ្ញាតឱ្យបុរសចូលទៅជិតស្ត្រីនោះទេ។

ទី៥. រាជធានីឃីងស្តូន ប្រទេសហ្សាម៉ាអ៊ីក៖ ជុំវិញការចំណាយពេលវេលាកម្សាន្តនៅឃីងស្តូន លោកស្រី ឆ្លូ ជេត បានបញ្ជាក់ថា៖«នៅពេលខ្ញុំនៅហ្សាម៉ាអ៊ីក ជាទូទៅខ្ញុំមានអារម្មណ៍សុខស្រួល។ ប៉ុន្តែគ្រប់តំបន់ដែលខ្ញុំទៅ មានគេប្រាប់ខ្ញុំថា កុំឱ្យធ្វើខ្លួនជាមនុស្សស្រី។ មួយសន្ទុះក្រោយមក ខ្ញុំយល់ថាអ្វីៗមិនមានសុវត្ថិភាព។ ជាឧទាហរណ៍ នៅពេលដែលខ្ញុំបានទៅផ្សារមួយចំនួននៅទីនោះ ខ្ញុំត្រូវបានគេប្រាប់ថា ខ្ញុំមិនគួរទៅទីនោះទេ ព្រោះវាគ្មានសុវត្ថិភាព»។ គួរបញ្ជាក់ថា រាល់ការរៀបរាប់ខាងលើនេះ គ្រាន់តែផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់លោកស្រី ឆ្លូ ជេត តែប៉ុណ្ណោះ វាមិនទាន់ត្រូវបានកំណត់ ឬមានការបញ្ជាក់ជាផ្លូវការដោយស្ថាប័នអន្តរជាតិណាមួយពីការស៊ើបអង្កេតស្រាវជ្រាវជាក់ច្បាស់លើទឡ្ហីករណ៍ ដែលបានរៀបរាប់ដូច លោកស្រី ឆ្លូ ជេត នេះនៅឡើយទេ ប៉ុន្តែដោយសារ លោកស្រី ឆ្លូ ជេត ជាមនុស្សមានឥទ្ធិពលក្នុងសង្គម ទើបអង្គភាព SBM News សម្រេចយកមកចុះផ្សាយ ដើម្បីជាទុនមួយក្នុងការគិតពិចារណា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរណាដែលមានបំណងចង់ទៅដើរលេងកម្សាន្តនៅបណ្តាប្រទេសខាងលើនេះ ងាយស្រួលមានការប្រុងប្រយ័ត្នលើដំណើរកម្សាន្តរបស់ខ្លួនឱ្យបានល្អ ចៀសវៀងជួបរឿងហានិភ័យណាមួយកើតឡើងជាយថាហេតុ ជាពិសេសអ្នកដែលនិយមទៅលេងប្រទេសថៃ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយនឹងកម្ពុជាយើងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត