រំភើបជំនួស..! សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ជំនួយលើការសិក្សា និងផ្គត់ផ្គង់ជីវភាពគ្រួសារដល់សិស្សនិទ្ទេស A អន ផានិត ដែលមានជីវភាពក្រីក្រ
អាន ប៊ុនរ័ត្ននៈ
29 វិច្ឆិកា 2023 12:30 PM

រាជធានីភ្នំពេញ៖ តាមរយៈសារសំឡេងនៅលើគ្រុបតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយឧបត្ថម្ភលើការសិក្សារទាំងស្រុងដល់សិស្សនិទ្ទេស A ឈ្មោះ អន ផានិត រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត តាមរយៈឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត...។

សារសំឡេងសម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖ ត្រូវផ្គត់ផ្គង់លើការចំណាយនៃការសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សនិទ្ទេស A ឈ្មោះ អន ផានិត និងក្រុមគ្រួសារ ដែលឪពុកម្តាយមានពិការភាព ហើយជួបការលំបាក ដោយត្រូវផ្ដល់ជូនរួមមាន៖ ទី១.ជួយឱ្យបានចូលរៀនផ្នែកវិស្វករនៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់យុវសិស្ស រួមជាមួយការផ្ដល់ជូននូវមធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការរៀនសូត្រ។ ទី២.ទទួលបានការស្នាក់អាស្រ័យនៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង។ ទី៣.សម្ដេចទាំងទ្វេ និងបញ្ជូនទីប្រឹក្សាផ្ទាល់ឱ្យចុះទៅពិនិត្យ គឺ ឯកឧត្តម សេង ទៀង និង ឯកឧត្តម ខេង សាម៉េត ដើម្បីជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ។ ទី៤.ជួយចេញលុយសងបំណុលគេទាំងអស់ ដែលក្រុមគ្រួសារបានជំពាក់គេនាពេលកន្លងមក។ និងទី៥.សម្តេចទាំងទ្វេ នឹងឧបត្ថម្ភប្រាក់ប្រចាំខែ១លានរៀល ដើម្បីទំនុកបម្រុងលើបញ្ហាជីវភាពផងដែរ។

សូមបញ្ជាក់ថា តាមរយៈការតស៊ូប្រឹងប្រែងរៀនសូត្ររបស់យុវសិស្ស អន ផានិត រហូតទទួលបាននិទ្ទេសA និងមានឪពុកពិការភាព ហើយគ្រួសារជួបការលំបាកខ្លាំង ប៉ុន្តែយុវសិស្ស អន ផានិត បានបន្តជម្នះក្នុងជីវិតក្រីក្រនេះ ដោយខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលសកម្មភាពនេះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយទំនុកបម្រុងជាប់ជាប្រចាំមកហើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេចទាំងទ្វេចុះជួយជានិច្ច..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត