
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង៦វិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវប្រកាសមុនថ្ងៃកំណត់ ពោលគឺនៅវេលាម៉ោង១៥:០០នាទីរសៀលថ្ងៃទី២៣ ស្អែកនេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល។ រីឯតាមបណ្តាខេត្តនានា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៣...។

ក្រសួងបានឱ្យដឹងថា ការចេញលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ មុនថ្ងៃកំណត់នេះ គឺដោយសារដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់។ យ៉ាងណាមិញស្របជាមួយ និងការបញ្ជាក់ពីថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបនេះ ក្រសួងអប់រំ ក៏បានចេញសេចក្តីជូនដំណឹងមួយដាច់ដោយឡែក ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឱ្យចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាម មកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយប្រើប្រាស់ថវិកាមន្ទីរសាមី មកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី-ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុកជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាដែលក្រសួងបានកំណត់។

ទន្ទឹមនឹងនោះ ក្រសួងបានបញ្ជាក់ដល់ លោក លោកស្រី ប្រធានមន្ទីរអប់រំ រាជធានី ខេត្តថា ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួម ពីនាយក-នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀត ការបើកនោះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាម ដោយមាន បញ្ជាក់ពីស្ថានភាពស្រោម ដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួម...៕








