
(បាល់ទាត់)៖ អាវចំនួនប្រាំមួយក្នុងចំណោមអាវដែលពាក់ដោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi អំទ្បុងពេលយុទ្ធនាការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា ត្រូវបានដាក់ដេញថ្លៃហើយ..។

Messi ដែលមានវ័យ៣៦ឆ្នាំរូបនេះ បានលើកពាន បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន យកឈ្នះលើបារាំង ដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសកាតា។ អាវរបស់ Messi វគ្គផ្តាច់ព្រ័ត្រត្រូវបានដាក់បញ្ចូលក្នុងឈុត ដែលត្រូវបានគេរំពឹងថា នឹងប្រមូលបានច្រើនជាង៨លានផោនក្នុងការដេញថ្លៃដែលរៀបចំដោយ Sotheby's ក្នុងទីក្រុងញូវយ៉ក។ កំណត់ត្រាសម្រាប់អាវកីឡាដែលពាក់ក្នុងការប្រកួតគឺអាវដៃព្រះរបស់ Diego Maradona ដែលលក់ក្នុងតម្លៃ៧,១លានផោនក្នុងឆ្នាំ២០២២។ គួរឱ្យដឹងថា Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d'Or ៨សម័យកាល បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup ដែលស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតតែមួយ៕



