
(បាល់ទាត់)៖ ទោះស្ថិតក្នុងវ័យ៣៨ឆ្នាំ ខ្សែប្រយុទ្ធឆ្នើម គ្រីស្ទីណូ រ៉ូណាល់ដូ Cristiano Ronaldo រកបាន១គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះលើក្រុមលីចតេនស្ទីន ២-០ ខណៈក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏បានកក់កៅអីទៅប្រជែងដណ្តើមពានអឺរ៉ុប Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់..។

២គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបានដោយ គ្រីស្ទីណូ រ៉ូណាល់ដូ ១គ្រាប់នៅនាទី៤៧ និងគ្រាប់បាល់ទី២ រកបានដោយ ចូអៅ កង់សេឡូ João Cancelo នៅនាទី៥៧ នៅក្នុងតង់ទី២ ដែលជាជ័យជម្នះធានាកៅអីឡើងទៅ Euro 2024 ទោះបីនៅសល់១ គ្រាប់ទៀតក្នុងពូល J។ យ៉ាងណា តាមរយៈការរកបាន១គ្រាប់បន្ថែមនេះផងដែរ បានធ្វើឱ្យខ្សែប្រយុទ្ធដ៏ឆ្នើម គ្រីស្ទីណូ រ៉ូណាល់ដូ បានបង្កើនគ្រាប់បាល់សម្រាប់កំណត់ត្រាបញ្ជីអ្នករកបានគ្រាប់បាល់ច្រើនជាងគេ១២៨គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នាពេលនេះ។

ជាមួយគ្នានេះ គ្រីស្ទីណូ រ៉ូណាល់ដូ គឺជាកីទ្បាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនជាងគេបំផុតក្នុងពិភពលោក រហូតដល់ទៅ២០៤ប្រកួតឯណោះ ចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ សូមបញ្ជាក់ថា ចំពោះការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួបគ្នាជាមួយក្រុមអ៊ីស្លង់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាការប្រកួតបិទពូល នាការប្រកួតជម្រុះ Euro ឆ្នាំ២០២៤..៕


