
(បាល់ទាត់)៖ អំទ្បុងពេលទីផ្សារដោះដូរកីទ្បាករលើកទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League កំពុងតែដំណើរការ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសចែកផ្លូវជាមួយខ្សែការពារកណ្តាល Anderson Zogbe កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣..។

កីទ្បាករសញ្ជាតិកូឌើវ័រវ័យ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមដែលមានរហ័សនាមថានាគខៀវបឹងកេត នៅឆ្នាំ២០២០ ក្រោយពីផ្ទេរចេញពីក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ហើយអំទ្បុងពេល៣ឆ្នាំកន្លងមកនេះ រូបគេបានរួមចំណែកជួយក្រុមបឹងកេត ឈ្នះជើងឯកលីគកំពូលកម្ពុជា (Metfone Cambodia League) កាលពីជំនាន់នោះ។ មិនត្រឹមតែជួយបឹងកេតឈ្នះជើងឯកទេ សម្បីតែកាលពី២០១៨ កីទ្បាករ Anderson Zogbe ក៏បានរួមចំណែកជួយក្រុមណាហ្គាវើលដ៍ គ្រងជើងឯកលីគកំពូលផងដែរ។ យ៉ាងណា ក្រោយពីចែកផ្លូវជាមួយនឹងក្លឹបបាល់ទាត់បឹងកេត កីទ្បាករ Anderson Zogbe មិនទាន់មានក្លឹបណាមួយក្នុងស្រុកចាប់អារម្មណ៍រូបគេនោះទេ ស្របពេលទីផ្សារដោះដូរកីទ្បាករលើកទី២ នៅក្នុងក្របខណ្ឌលីគកម្ពុជា CPL កំពុងតែដំណើរការ។

គួរជម្រាបថា ខ្សែការពារកណ្តាល Anderson Zogbe ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅសាលាបាល់ទាត់ JMG Academy ចន្លោះពីឆ្នាំ២០០២-២០០៦ និងJMG FC ២០០៦-២០០៨)។ នៅឆ្នាំ២០១៣ ខ្សែការពាររូបនេះ បានចូលរួមជាមួយក្លឹប Bec Tero- Sasana របស់ថៃ (២០១៣-២០១៥) មុនមកចូលរួមក្នុងលីគបាល់ទាត់កម្ពុជា នៅឆ្នាំ២០១៥ ជាមួយក្លឹបណាហ្គាវើលដ៍។ នៅដើមឆ្នាំ២០១៦ រូបគេបានផ្លាស់ទៅក្លឹបក្រសួងការពារជាតិ ប៉ុន្តែលេងបានតែប៉ុន្មានប្រកួតប៉ុណ្ណោះ ក៏ផ្លាស់មកណាហ្គាវើលដ៍វិញ និងបន្តរហូតដល់ដំណាច់រដូវកាល២០១៩៕
សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


