
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានរងនូវការរិះគន់យ៉ាងចាស់ដៃ ចំពោះការខ្ចីប្រាក់ដើម្បីផ្ដល់មូលនិធិដល់គម្រោងមូលនិធិឌីជីថលដ៏ចម្រូងចម្រាសចំនួន១ម៉ឺនបាត របស់គណបក្សរបស់ខ្លួនភឿថៃ...។

កាលពីសប្តាហ៍មុន លោក សេដ្ឋា បានប្រកាសថា ប្រាក់កម្ចីតាមព្រះរាជក្រឹត្យនឹងផ្តល់មូលនិធិដល់គម្រោងប្រាក់ឌីជីថល ដែលអាចនឹងអនុវត្តបានសម្រាប់តែប្រជាពលរដ្ឋថៃ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ហើយរកប្រាក់កម្រៃបានតិចជាង១៩៤៥ដុល្លារ(៧ម៉ឺនបាត)ក្នុងមួយខែ និងមានប្រាក់តិចជាង១៣៩០០ដុល្លារ (៥សែនបាត) នៅក្នុងគណនីធនាគាររបស់ពួកគេ។ បន្ថែមលើនោះ លោក សេដ្ឋា បានឱ្យដឹងថា នៅក្នុងការកែប្រែឡើងវិញគម្រោងប្រាក់ឌីជីថល១ម៉ឺនបាត ថវិកាបានកើនឡើងពី៥៦០ពាន់លានទៅ៦០០ពាន់លានបាត ហើយរាជរដ្ឋាភិបាលនឹងត្រូវស្វែងរកការអនុម័តពីសភាសម្រាប់កម្ចីប្រាក់ទាំងនោះ។

ជុំវិញបញ្ហានេះ នៅក្នុងការអត្ថាធិប្បាយនៅលើកម្មវិធី X មេដឹកនាំគណបក្សប្រឆាំងថៃសាងថៃ លោកស្រី ឃុនយីង ស៊ូដារ៉ាត់ គីរ៉ាផាន (Khunying Sudarat Keyuraphan) បានលើកឡើងថា៖ «ខ្ញុំយល់ស្របជាមួយនឹងការជំរុញសេដ្ឋកិច្ចដើម្បីជួយប្រជាជន។ យ៉ាងណាក្ដី ការសម្រេចខ្ចីប្រាក់នេះធ្វើឱ្យមានការព្រួយបារម្ភអំពីបន្ទុករបស់ប្រជាជនថៃ ជាពិសេសទាក់ទងនឹងបំណុលដ៏ច្រើនដែលនឹងត្រូវសងទៅវិញ»។ ទន្ទឹមនឹងនេះ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជូរិន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បានកត់សម្គាល់ថា គោលនយោបាយនេះ ខុសពីការសន្យាមុនការបោះឆ្នោតរបស់រាជរដ្ឋាភិបាល ជាពិសេសការធានាថា គ្មានកម្ចីណាមួយនឹងត្រូវយកទៅផ្តល់ហិរញ្ញប្បទានដល់គោលនយោបាយនេះទេ ដោយបន្ថែមថា ជំហាននេះបានធ្វើឱ្យប៉ះពាល់ដល់ការជឿជាក់របស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល។

សង្គ្រាមពាក្យសម្តីរវាងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ និងគណបក្សប្រឆាំងដ៏សំខាន់ គឺបក្សចលនាឆ្ពោះទៅមុខ (MFP) ជុំវិញគម្រោងដ៏ចម្រូងចម្រាសនេះ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យផងដែរ។ នៅក្នុងការអភិវឌ្ឍមួយផ្សេងទៀត លោក ណូណារិទ្ធ ប៊ីសន់យ៉ាប៊ុត (Nonarit Bisonyabut) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) ដែលផ្តោតលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសថៃ បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពលើគ្រោងការណ៍នេះ ថាអាចបណ្តាលឱ្យមានហានិភ័យហិរញ្ញវត្ថុបន្ថែមទៀត ដែលប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេស។

យ៉ាងណាមិញ លោក សេដ្ឋា បានអះអាងថា ការផ្ដល់ជូនប្រាក់១ម៉ឺនបាតនេះ នឹងមិនបំពានលើច្បាប់សារពើពន្ធរបស់ប្រទេសថៃឡើយ ហើយផ្ទុយទៅវិញនឹងធ្វើឱ្យ GDP កើនឡើង៥ភាគរយ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ លោកបាននិយាយថា សេដ្ឋកិច្ចកំពុងត្រូវការ[..]ការជំរុញដ៏សំខាន់មួយ ដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃបានកើនឡើងត្រឹមតែ១,៩ភាគរយក្នុងមួយឆ្នាំ ជាមធ្យមក្នុងទសវត្សរ៍កន្លងមក ដោយបំណុលគ្រួសារបានកើនឡើងពី៧៦ភាគរយក្នុងឆ្នាំ២០១២ ដល់៩១,៦ភាគរយនៅឆ្នាំនេះ។ លោកបន្ថែមថា រាជរដ្ឋាភិបាលនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន៦០០ពាន់លានបាតទៅក្នុងសេដ្ឋកិច្ច៥០០ពាន់លាន តាមរយៈគម្រោងកាបូបឌីជីថល ក៏ដូចជាមូលនិធិចំនួន១០០ពាន់លានបាត ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស៕


