
បន្ទាយមានជ័យ៖ ព្រះអង្គធម្ម វន វាសី ចន្ទមុនី បាននិមន្តទេសនាបុណ្យកឋិនទាននៅវត្តប្រាសាទ ស្ថិតនៅភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើរាប់ម៉ឺននាក់ បានមកអង្គុយរង់ចាំដំណើរនិមន្តរបស់ព្រះអង្គនៅតាមដងផ្លូវប្រមាណជិត១០គីឡូម៉ែត្រ...។

យោងតាមការឱ្យដឹងពីអាជ្ញាធរសមត្ថកិច្ចស្រុកស្វាយចេក បានឱ្យដឹងថា ក្នុងឱកាសនោះ គណៈកម្មាការអាចារ្យវត្ត និងពុទ្ធបរិស័វត្តប្រាសាទនៃស្រុកស្វាយចេក បាននិមន្តព្រះអង្គធម្ម វន វាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅខេត្តកំពង់ឆ្នាំ និមន្តមកធម្មទេសនាអង្គកឋិនទានមួយនៅវត្តប្រាសាទនេះ។ បន្ទាប់ពីគណៈកម្មាការអាចារ្យវត្ត ប្រកាសផ្តល់ដំណឹងខាងលើនេះភ្លាមៗប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាននាំគ្នាមកចូលរួមពិធីបុណ្យអង្គកឋិនទាននេះយ៉ាងច្រើនកុះករ ទាំងនៅក្នុងបរិវេណវត្ត និងខ្លះទៀតបាននាំគ្នាទៅអង្គុយរង់ចាំតាមដងផ្លូវជាតិលេខ៥៦ ដើម្បីគោរពថ្វាយបង្គំព្រះអង្គដែលបាននិមន្តមកពីខេត្តកំពង់ឆ្នាំង។

អាជ្ញាធរសមត្ថកិច្ចឱ្យដឹងបន្តថា ក្រោយពេលពីព្រះអង្គធម្ម វន វាសី ចន្ទមុនី និមន្តធម្មទេសនារយៈពេលជាងកន្លះម៉ោងហើយនោះ ព្រះអង្គក៏បាននិមន្តចេញពីវត្តប្រាសាទភ្លាមៗផងដែរ ដើម្បីនិមន្តទៅប្រោះព្រំតាមរយៈការបក់ផ្លិតជូនដល់ពុទ្ធបរិស័ទដែលបានអង្គុយរង់ចាំព្រះអង្គ ដោយអ្នកខ្លះមានកាន់ដបទឹកបរិសុទ្ធ អ្នកខ្លះយកគ្រឿងអលង្កា ដាក់នៅនឹងដៃរបស់ខ្លួន ដែលមានប្រវែងជិត១០គីឡូម៉ែត្រ ដើម្បីឱ្យព្រះអង្គធម្ម វន វាសី ចន្ទមុនី បក់ផ្លិតប៉ះទៅលើរបស់ទាំងអស់នោះ ដែលប្រជាពុទ្ធបរិស័ទមានជំនឿថា ពួកគេនឹងទទួលបាននូវសេចក្តីសុខចម្រើន និងរកស៊ីទទួលទានមានបានគ្រប់ៗគ្នា ក៏ដូចជាឈ្នះអស់ភយន្តរាយនានាដែលតាមយាយីពួកគេ តាមរយៈតេជៈបារមីនៃពន្លឺព្រះធម៌ដែលព្រះអង្គធម្ម វន វាសី ចន្ទមុនី សូត្រប្រោះព្រំឱ្យនោះ។

សូមបញ្ជាក់ថា ជំនឿដ៏មុតមាំរបស់ប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស ទៅលើព្រះអង្គធម្ម វន វាសី ចន្ទមុនី គឺចាប់ផ្តើមឡើងបន្ទាប់ពីមានលោកគ្រូបង្រៀនព្រះធម៌ម្នាក់ ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងប្រទេស មានពុទ្ធបរិស័ទជាច្រើនគោរពប្រណិបត្តិជាគ្រូមានចំណេះដឹងខ្ពង់ខ្ពស់លើផ្នែកពុទ្ធចក្រ បានលើកយកព្រះបាទព្រះអង្គធម្ម វន វាសី ចន្ទមុនី ដាក់លើក្បាលតាមរយៈសទ្ធាដែលលោកគ្រូបង្រៀនព្រះធម៌រូបនោះ ជ្រះថ្លាលើព្រះអង្គ។ ក្រោយមក ការផ្ដល់ឱវាទប្រៀនប្រដៅអំពីព្រះធម៌អប់រំចិត្ត ពីសំណាក់ព្រះអង្គធម្ម វន វាសី ចន្ទមុនី នៅលើបណ្តាញសង្គមដែលមានការបង្ហោះពីពុទ្ធបរិស័ទបានទៅថ្វាយបង្គំព្រះអង្គនៅឯវត្តតាសុត បានធ្វើឱ្យមនុស្សម្នាកាន់តែច្រើនឡើងៗជ្រះថ្លា លើព្រះដីការបស់ព្រះអង្គ ដែលមានភាពសង្រួម ក្នុងនាមជាព្រះភិក្ខុគោរពប្រណិបត្តិព្រះធម៌វិន័យបានយ៉ាងខ្ជាប់ខ្ជួន និងមានគុណធម៌ដ៏ឧត្តម ទើបមានការចាប់អារម្មណ៍កាន់តែខ្លាំងពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឧកញ៉ា មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយទូទាំងប្រទេស ខណៈការជឿលង់របស់ប្រជាពុទ្ធបរិស័ទខ្មែរទាំងនោះ ភាគច្រើនមិនផ្តោតទៅលើមន្តអាគមអូមអាមរបស់ព្រះអង្គអ្វីឡើយ ព្រោះព្រះអង្គធម្ម វន វាសី ចន្ទមុនី ផ្តល់តែពុទ្ធឱវាទល្អៗរបស់ព្រះសម្មាសម្ពុទ្ធ ជូនដល់ប្រជាពុទ្ធបរិស័ទ ដើម្បីអប់រំផ្លូវចិត្ត និងឱ្យប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ ចេះស្រឡាញ់ជាតិសាសន៍របស់ខ្លួនតែប៉ុណ្ណោះ..៕ រាយការណ៍ដោយ៖ ឈុន មករា




