សមត្ថកិច្ច ប្រកាសរកម្ចាស់ម៉ូតូ SCOOPYមួយគ្រឿង ក្រោយបង្ក្រាបបានមុខសញ្ញាកាច់កម៉ូតូ៣នាក់ ក្នុងភូមិព្រៃទា
អុន សម្ផស្ស
10 វិច្ឆិកា 2023 05:00 AM

រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសរកម្ចាស់ម៉ូតូ SCOOPYមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១AI-៧៩៣៩ បន្ទាប់ពីកម្លាំងជំនាញបានចុះបង្ក្រាបមុខសញ្ញាកាច់កម៉ូតូបាន២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...។

ជនសង្ស័យ
ជនសង្ស័យ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពកាច់កម៉ូតូ នៅចំណុចបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយបង្ក្រាបបានជនសង្ស័យទាំង២នាក់នោះរួច កម្លាំងងការិយាល័យជំនាញ បានបន្ដស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទទួលទិញផលចោរកម្ម។ ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ទី១. ឈ្មោះ កុយ ករុណា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកទទួលផលចោរកម្ម, ទី២. ឈ្មោះ សេង វិឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣. ឈ្មោះ ចក់ ពេទ្យ អាយុ២២ឆ្នាំ ទាំងពីរអ្នកជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ទុលវីស១ដើម, សោលេខ១០ ចំនួន១, សោកាច់អក្សរL ចំនួន៧, សោកាច់អក្សរ T ចំនួន១, ស្លាកលេខម៉ូតូ១, ម៉ូតូចំនួន ២គ្រឿងម៉ាក HONDA SCOOPY និងម៉ាក HONDA BEAT។ ក្រោយឃាត់ខ្លួនកម្លាំងងជំនាញបានធ្វើការសួរនាំជនសង្ស័យ និងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

វត្ថុតាង
វត្ថុតាង

គួរជម្រាបថា ភ្លាមៗក្រោយកម្លាំងងជំនាញបង្ក្រាបករណីនោះម៉ូតូ HONDA BEAT ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ដោយឡែក ម៉ូតូ HONDA SCOOPY ស្វែងរកម្ចាស់មិនទាន់ឃើញនោះទេ ដូច្នេះ ក្នុងករណីពលរដ្ឋដែលធ្លាប់បាត់ម៉ូតូភិនភាគដូចរូប ពាក់ស្លាកលេខ កណ្តាល១AI-៧៩៣៩ អាចទំនាក់ទំនងមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់ ឬទំនាក់ទំនងទូរសព្ទលេខ 0៩២ ៨៩៩ ៩១៩ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ៕

ម៉ូតូ HONDA BEAT ប្រគល់ជូនម្ចាស់ដើមវិញ
ម៉ូតូ HONDA BEAT ប្រគល់ជូនម្ចាស់ដើមវិញ
ប្រកាសរកម្ចាស់ម៉ូតូ SCOOPY
ប្រកាសរកម្ចាស់ម៉ូតូ SCOOPY
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត