កម្ពុជាស្វាគមន៍កាណាដាបង្កើនការវិនិយោគបន្ថែម ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
អុន សម្ផស្ស
26 តុលា 2023 04:00 AM

រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនកាណាដា និងលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងត្រៀមខ្លួនធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី…។

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោកជំទាវ Ping M. Kitnikone កាលពីថ្ងៃទី២៥តុលា ឆ្នាំ២០២៣ នាឱកាសដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងជំនួបដដែលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាពេលអនាគតខាងមុខ។

បន្ថែមលើនេះ ភាគីទាំងពីរ បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។ ទន្ទឹមនឹងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត