ដាវ លីឌុច ថាថៃសាក់យ័ន្តជាភាសាខ្មែរ តែកាឡៃជារបស់ខ្លួនទាំងដែលមិនចេះអានអក្សរលើយ័ន្តនោះ
អាន ប៊ុនរ័ត្ននៈ
09 តុលា 2023 08:00 AM

ភូមា៖ កាលពីថ្ងៃអាទិត្យទី០៨ ខែតុលា ឆ្នាំ២០២៣ ស្តេចប្រដាល់គុនឡេតវេយ៍របស់ភូមា កីឡាករ ដាវ លីឌុច បានបង្ហោះសាជាថ្មីម្ដងទៀតលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមាន២ភាសា គឺភាសាខ្មែរ និងភូមា ដោយបញ្ជាក់ថា "សាក់យ័ន្ត" គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌា ដែលត្រូវបានគេជឿថាផ្តល់នូវការការពារឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះ បានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្ស​ភាគ​ច្រើន​គិត​ថា​ទាំង​នេះ ​គឺ​ជា​ការ​សាក់​បែប​ថៃ ប៉ុន្តែ​វា​មិន​មែន​ជាការសាក់បែបថៃ​នោះ​ទេ...។

កីឡាករ ដាវលីឌុច បានបន្ជាក់បន្ថែមថា៖«គេប្រើស្គ្រីបអក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ ខ្ញុំ[..]កំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូ ដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។ រឿងដែលគួរឱ្យអស់សំណើចបំផុតនោះ គឺអ្នកប្រដាល់មួយថៃ ត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា "ថៃ" របស់គេទៅវិញ...វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ»

ជាការពិតណាស់ ក្នុងជំនឿខ្មែរបុរាណ យ័ន្តគឺជាគំនូសស្នាមដែលវាត្រូវបានសាក់ និងគូរដោយគ្រូមន្តអាគមនៃបុព្វបុរសខ្មែរតាំងពីជំនាន់បុរាណបន្តរហូតមកដល់បច្ចុប្បន្ន ទៅលើខ្លួនមនុស្ស ក្រណាត់ ស្បែក ឬក្រដាស និងឧបករណ៍ផ្សេងៗ ដើម្បីជាការការពារខ្លួនពីសត្រូវយាយីតាមបែបផ្លូវងងឹតផង និងការពារខ្លួនពីគ្រឿងសាស្ត្រាវុធរបស់បច្ចាមិត្តអំឡុងពេលធ្វើសឹកសង្គ្រាមផង។ ចំណែកកីឡាករមួយចំនួនជឿថា ការសាកយ័ន្តបុរាណខ្មែរនៅខ្លួនពួកគេ គឺអាចផ្តល់ថាមពលផ្លូវចិត្ត និងអាចជះឥទ្ធិពលវិជ្ជមានទៅដល់ដៃគូឱ្យបាក់បបខ្លបខ្លាចពេលឡើងសង្វៀនប្រកួតផងដែរ។ យើងអាចគូសបញ្ជាក់បានថា យ័ន្តបុរាណខ្មែរ មានអាយុកាលដ៏ចំណាស់ជាងគេមួយនៅក្នុងតំបន់ ដែលវប្បធម៌នៃការសាក់យ័ន្តនេះ បានហូរហៀទៅដល់សាមន្តរដ្ឋ គឺជារដ្ឋចំណុះឱ្យអាណាចក្រខ្មែរសម័យបុរាណផងដែរ។

ត្រង់ចំណុចនេះ កីឡាករដាវ លីឌុច យល់ឃើញយ៉ាងដូច្នេះថា៖ «ច្បាស់ណាស់សម្រាប់ខ្ញុំ ប្រទេសថៃ បានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុ​នេះ​ហើយ ​បាន​ជា​មីយ៉ាន់ម៉ា និង​កម្ពុជា ​ចុះ​សម្រុង​គ្នា ព្រោះ​យើង​មាន​បទ​ពិសោធ​ស្រដៀង​គ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា ១០ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត»។ 

ទោះជាយ៉ាងណា កីឡាករ ដាវ លីឌុច បាននិងកំពុងទន្ទឹងរង់ចាំការប្រកួតជាមួយកីឡាករ ព្រំសំណាង នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះយ៉ាងអន្ទះសា ព្រោះគេយល់ថា ជាព្រឹត្តិការណ៍ប្រកួតប្រដាល់មួយដែលនឹងមានអ្នកទស្សនាច្រើនបំផុតពីមនុស្សជុំវិញពិភពលោកដែលស្រឡាញ់កីឡាប្រដាល់គុនខ្មែរ និងឡេតវេយ៍ ហើយរូបគេក៏សង្ឃឹមថា យ័ន្តដែលបានសាក់ដោយគ្រូអាគមខ្មែរនៅប្រទេសថៃអាចនឹងនាំសំណាងឱ្យរូបគេប្រកួតឈ្នះកីឡាករព្រំ សំណាង នាការប្រកួតនោះបានមិនខាន។«ខ្ញុំគិតថា [សាក់យ័ន្ត] របស់ខ្ញុំ ពិតជាផ្តល់សំណាងល្អដល់ខ្ញុំ មិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា សម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់កីឡាករ ដាវ លីឌុច..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត