
(បាល់ទាត់)៖ បន្ទាប់ពីមានការវាយហារដ៏រន្ធត់ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា UEFA បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ ដែលបានគ្រោងធ្វើទ្បើងនៅក្នុងប្រទេសអ៊ីស្រាអែល នៅ២សប្តាហ៍ខាមុខ ខណៈដែលស្ថានភាពនៅតែបន្តតានតឹង...។

UEFA និយាយថា ការប្រកួតជម្រុះ Euro ឆ្នាំ២០២៤ រវាងអ៊ីស្រាអែល និងស្វីស នាថ្ងៃព្រហស្បតិ៍ ក៏ស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានផ្អាក ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនិយាយថា កាលបរិច្ឆេទថ្មីនឹងត្រូវបានរៀបចំ។ UEFA បន្តទៀតថា ខ្លួននឹងវាយតម្លៃស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីមើលថា តើការប្រកួតជម្រុះជើងឯកអឺរ៉ុបរបស់អ៊ីស្រាអែលនៅកូសូវ៉ូ នៅតែអាចប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាឬយ៉ាងណា? បន្ថែមពីនេះនៅក្នុងសេចក្តីថ្លៃការណ៍របស់ UEFA បានបញ្ជាក់ថា៖«ខ្លួននឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងនៅតែទាក់ទងជាមួយក្រុមទាំងអស់ដែលពាក់ព័ន្ធ មុនពេលធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទថ្មី និងលើការផ្លាស់ប្ដូរសក្តានុពលចំពោះការប្រកួតនាពេលខាងមុខផ្សេងទៀត»។

សូមបញ្ជាក់ថា ការប្រកួតដែលត្រូវធ្វើទ្បើងនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានផ្អាកបណ្តោះអាសន្នរួមមាន៖ ទី១- ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីស្រាអែល និងក្រុមជម្រើសជាតិស្វីល ក្នុងពានរង្វាន់ European Championship 2024 វគ្គជម្រុះ ថ្ងៃទី១២ ខែតុលា។ ទី២- ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីស្រាអែល និងក្រុមជម្រើសជាតិអេស្តូនី ក្នុងពានរង្វាន់ European U21 Championship 2025 វគ្គជម្រុះ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា។ និងទី៣- ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីស្រាអែល ប៊ែលហ្ស៊ិក, ហ្ស៊ីប្រាល់តា និងក្រុមជម្រើសជាតិវែលស៍ ក្នុងពានរង្វាន់ European U17 Championship 2024 ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ១៧ ខែតុលា ខាងមុខនេះផងដែរ៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖
ប្រភព៖ BBC


