តើទន្លេណាខ្លះ មានប្រវែងវែងជាងគេនៅលើភពផែនដីយើងនេះ...?
ហៀប ស៊ីថេត
25 កញ្ញា 2023 12:00 PM

ប្រាកដណាស់! ទន្លេគឺជាផ្លូវទឹកហូរតាមបែបធម្មជាតិ ហើយជាធម្មតាវាជាទឹកសាប និងវាមានទំហំធំជាងស្ទឹង។ ទន្លេត្រូវបានបង្កើតឡើងដោយកត្តាផ្សេងៗ រួមទាំងទឹកភ្លៀង ការរលាយព្រិលទឹកកក បង្កើតបានជាផ្លូវទឹកហូរ និងការរួមផ្សំបញ្ចូលគ្នានៃប្រព័ន្ធលំហូទឹកតូចៗផងដែរ។ ទំហំ និងរូបរាងរបស់ទន្លេត្រូវបានជះឥទ្ធិពលដោយកត្តាជាច្រើនដូចជា បរិមាណទឹកដែលវាទទួលបាន ជម្រាលនៃដីដែលវាហូរកាត់ និងលក្ខណៈភូមិសាស្ត្រនៃតំបន់។ ទន្លេមានសារសំខាន់ខ្លាំងណាស់ចំពោះប្រព័ន្ធអេកូឡូស៊ី និងមនុស្សជាតិ។ ពួកវាបម្រើជាប្រភពទឹកសម្រាប់ប្រើប្រាស់ដល់ប្រព័ន្ធធារាសាស្ត្រ កសិកម្ម និងការប្រើប្រាស់ឧស្សាហកម្មជាដើម។ ទន្លេ​ក៏​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និងការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗផង​ដែរ ដោយ​បម្រើ​ជា​ផ្លូវ​ធម្មជាតិ​សម្រាប់​កប៉ាល់ ទូក និង​សំពៅជាដើម ជាពិសេសវាមានលក្ខណៈពិសេស និងមានសារសំខាន់ អាស្រ័យលើទីតាំងភូមិសាស្ត្រ អាកាសធាតុ និងបរិស្ថានជុំវិញ...។

ដូច្នេះ តើ ទន្លេណាខ្លះ ដែលមានប្រវែងវែងជាងគេនៅលើលោកយើងនេះ...? ថ្ងែនេះ SBM News នឹងនាំអារម្មណ៍ទស្សនិកជនទៅដឹងលម្អិតអំពីទន្លេ ដែលមានប្រវែងវែលជាងគេទាំង១០ នៅលើភពផែនដីយើង។ លំដាប់ទី១. ទន្លេនីល៖ ទន្លេនីល គឺជាទន្លេដែលវែងជាងគេបំផុតលើពិភពលោកយើងនេះ ដោយមានប្រវែង៦៦៥០គីឡូម៉ែត្រ។ ទន្លេនេះលាតសន្ធឹង និងចាក់ស្រេះក្នុងប្រទេសជាច្រើននៅអាហ្រ្វិកភាគឦសានដូចជា៖ អេហ្ស៊ីប អ៊ូហ្គង់ដា អេត្យូពី កេនយ៉ា តង់ហ្សានី រវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេរីទ្រា ប៊ូរុនឌី ស៊ូដង់ និងស៊ូដង់ខាងត្បូងជាដើម។ ទន្លេនេះមានដៃទន្លេធំៗ និងតូចៗជាច្រើន។ ទន្លេដែលវែងជាងគេនៅលើផែនដីនេះ មានសារសំខាន់ជាប្រវត្តិសាស្ត្រ ដែលគាំទ្រដល់វិស័យកសិកម្ម និងការតាំងទីលំនៅ រួមមាន៖ដីសណ្ដនីល ដ៏ល្បីល្បាញនៅក្នុងប្រទេសអេហ្ស៊ីបជាដើម។

ទន្លេនីល
ទន្លេនីល

លំដាប់ទី២. ទន្លេអាម៉ាហ្សូន៖ ទន្លេអាម៉ាហ្សូន គឺជាទន្លេដែលវែងបំផុតទី២របស់ពិភពលោក ហើយវាក៏ជាទន្លេដ៏អស្ចារ្យបំផុតរបស់ពិភពលោកផងដែរ នេះបើនិយាយពីបរិមាណលំហូរទឹក។ វាមានប្រវែងសរុបចំនួន៦៥៧៥គីឡូម៉ែត្រ។ វាមានទីតាំងនៅអាម៉េរិកខាងត្បូង ដែលហូរកាត់ប្រទេសប្រេស៊ីល ប៉េរូ កូឡុំប៊ី បូលីវី អេក្វាឌ័រ និងវេណេហ្ស៊ុយអេឡា។ ទន្លេអាម៉ាហ្សូន គឺជាអាងស្តុកទឹកដ៏ធំបំផុតនៅលើលោក ដែលហូរកាត់ព្រៃអាម៉ាហ្សូន ជាប្រព័ន្ធអេកូឡូស៊ីដែលមានជីវចម្រុះច្រើនបំផុត និងគាំទ្រដល់រុក្ខជាតិ និងជីវិតសត្វជាច្រើន។ ទោះជាយ៉ាងណា ការអះអាងរបស់ទន្លេដ៏អស្ចារ្យនេះ ថាជាទន្លេដែលវែងជាងគេទីពីររបស់ពិភពលោកបន្ទាប់ទន្លេនីលរបស់ប្រទេសអេហ្ស៊ីប ត្រូវបានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្ដៅគគុក។

ទន្លេអាម៉ាហ្សូន
ទន្លេអាម៉ាហ្សូន

លំដាប់ទី៣. ទន្លេយ៉ាងសេ៖ ទន្លេយ៉ាងសេ គឺជាទន្លេដែលវែងជាងគេលំដាប់ទី៣របស់ពិភពលោក និងជាទន្លេដែលវែងជាងគេបំផុតមួយផងដែរ វាបានហូរចាក់ស្រេះក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ ហើយវាក៏ជាទន្លេដែលវែងជាងគេបំផុតនៅអាស៊ីផងដែរ។ វាមានប្រវែងប្រហែល៦៣០០គីឡូម៉ែត្រ។ មួយភាគបីនៃចំនួនប្រជាជននៃប្រទេសចិនរស់នៅដោយពឹងផ្អែកលើទន្លេយ៉ាងសេ ជាពិសេសសម្រាប់ប្រព័ន្ធធារាសាស្ត្រ វារីអគ្គិសនី និងការដឹកជញ្ជូន។

ទន្លេយ៉ាងសេ
ទន្លេយ៉ាងសេ

លំដាប់ទី៤ ទន្លេមីស៊ីស៊ីពី៖ ទន្លេនេះមានប្រវែង៦២៧៥គីឡូម៉ែត្រ និងមានទីតាំងនៅអាម៉េរិកខាងជើង វាបានហូរច្រោះកាត់រដ្ឋចំនួន៣១ នៅសហរដ្ឋអាម៉េរិក និងខេត្តចំនួនពីរនៅប្រទេសកាណាដាផងដែរ។ ប្រព័ន្ធទន្លេវែងជាងគេទីបួននេះ មានសារសំខាន់ជាខ្លាំងសម្រាប់លើកកម្ពស់ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក និងសម្រាប់ប្រជាជនរស់នៅតាមបណ្តោយដងទន្លេអាស្រ័យផល និងប្រើប្រាស់ជាការដឹកជញ្ជូនទំនិញឆ្លងដែនរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះទៅកាន់បណ្តាប្រទេសដៃគូអភិវឌ្ឍសេដ្ឋកិច្ច។

ទន្លេមីស៊ីស៊ីពី
ទន្លេមីស៊ីស៊ីពី

លំដាប់ទី៥. ទន្លេយ៉េនីសេ៖ ទន្លេនេះគឺជាប្រព័ន្ធទន្លេដែលវែងជាងគេទីប្រាំរបស់ពិភពលោក ហើយមានប្រវែង៥៥៣៩គីឡូម៉ែត្រ និងមានទីតាំងនៅតមបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ ទន្លេនេះ ជាប្រភពថាមពលវារីអគ្គិសនីដ៏សំខាន់ និងជាផ្លូវដឹកជញ្ជូនទំនិញគ្រប់ប្រភេទដ៏សំខាន់សម្រាប់ជំនួញជាអន្តរជាតិរបស់ប្រទេសរុស្ស៊ី រួមមានទំនិញសំខាន់ៗដូចជា៖ ឈើ រ៉ែ និងធនធានផ្សេងទៀត នៅទូទាំងតំបន់ស៊ីបេរីដ៏ធំ។ ទន្លេនេះ អំណោយផលដល់សារសំខាន់សេដ្ឋកិច្ច និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ដែលមានតម្លៃយ៉ាងសម្បើមសម្រាប់ស៊ីបេរី និងរុស្ស៊ីទាំងមូល។

ទន្លេយ៉េនីសេ
ទន្លេយ៉េនីសេ

លំដាប់ទី៦. ទន្លេលឿង៖ ទន្លេលឿង ត្រូវបានគេស្គាល់ផងដែរថាជាទន្លេ Huang He គឺជាទន្លេដែលវែងជាងគេទីពីរនៅក្នុងប្រទេសចិន បន្ទាប់ពីទន្លេយ៉ាងសេ ដែលមានប្រវែង៥៤៦៤គីឡូម៉ែត្រ។ វាហូរកាត់ខេត្តចំនួនប្រាំបួនរបស់ចិន រួមមាន៖ ឈីងហៃ, ស៊ីឈួន, ហ្កាន់ស៊ី, សានស៊ី, នីងហ្ស៊ា, អ៊ីនើម៉ុងហ្គោលី, សានស៊ី, ហេណាន និងសេនដុង មុនពេលហូរចាក់ទៅសមុទ្ទបូហៃ (Bo Hai)។ ទន្លេនេះមានបរិមាណដីល្បាប់ដ៏ច្រើនបំផុតនៅក្នុងពិភពលោក។ ទន្លេលំដាប់ទី៦ នេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ប្រព័ន្ធធារាសាស្ត្រ និងកសិកម្មរបស់ប្រទេស វាក៏ជាប្រភពថាមពលវារីអគ្គិសនីដ៏សំខាន់ផងដែរ។

ទន្លេលឿង
ទន្លេលឿង

លំដាប់ទី៧. ទន្លេអប. ទន្លេអបគឺជាទន្លេមួយក្នុងចំណោមទន្លេដែលវែងជាងគេនៅអាស៊ី ដោយហូរកាត់ប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន ម៉ុងហ្គោលី និងប្រទេសចិន មានប្រវែងប្រវែង៥៤១០គីឡូម៉ែត្រ។ ទន្លេនេះមានប្រភពពីជួរភ្នំ Altai ក្នុងប្រទេសម៉ុងហ្គោលី ហើយហូរចាក់ទៅភាគខាងជើងឆ្លងកាត់ប្រទេសរុស្ស៊ី បង្កើតជាព្រំដែនរវាងកាហ្សាក់ស្ថាន និងរុស្ស៊ីក្នុងចម្ងាយដាច់កន្ទុយភ្នែក។

ទន្លេអប
ទន្លេអប

លំដាប់ទី៨. ទន្លេប៉ារ៉ាណា៖ ទន្លេនេះគឺជាទន្លេដ៏សំខាន់មួយនៅអាម៉េរិកខាងត្បូង វាបានហូរកាត់ប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន និងមានប្រវែង៤៨៨០គីឡូម៉ែត្រ។ វាមានសារសំខាន់សម្រាប់ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន និងពាណិជ្ជកម្ម។ វាក៏ជាជម្រកសម្រាប់ប្រភេទត្រីផ្សេងៗ និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចម្រុះ រួមទាំងបង្កើតបានជាតំបន់ដីសើម និងព្រៃលិចទឹកផងដែរ។

ទន្លេប៉ារ៉ាណា
ទន្លេប៉ារ៉ាណា

លំដាប់ទី៩. ទន្លេកុងហ្គោ៖ ទន្លេកុងហ្គោ គឺជាទន្លេវែងជាងគេទីពីរនៅក្នុងទ្វីបអាហ្រ្វិក បន្ទាប់ពីទន្លេនីល ដែលប្រវែងប្រហែល៤៧០០គីឡូម៉ែត្រ។​ ទន្លេនេះ ហូរកាត់ប្រទេសជាច្រើននៅអាហ្វ្រិកកណ្ដាល រួមមាន៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC), សាធារណរដ្ឋកុងហ្គោ, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល, អង់ហ្គោឡា, ហ្សាំប៊ី, ប៊ូរុនឌី និងតង់ហ្សានី។ ទន្លេនេះគ្របដណ្ដប់ព្រៃឈើក្រាស់ ដែលបង្កើតបានជាព្រៃត្រូពិចធំជាងគេទីពីរនៅលើពិភពលោក។ ជាពិសេស ទន្លេនេះជាទន្លេដ៏ជ្រៅបំផុតរបស់ពិភពលោកផងដែរ។

ទន្លេកុងហ្គោ
ទន្លេកុងហ្គោ

លំដាប់ទី១០. ទន្លេអាម៊ួ៖ ទន្លេនេះគឺជាទន្លេមួយក្នុងចំណោមទន្លេដែលវែងជាងគេនៅអាស៊ី និងមានដើមកំណើតនៅតំបន់ខ្ពង់រាបម៉ុងហ្គោលី ហើយហូរកាត់ភាគឦសាននៃប្រទេសចិន និងចុងបូព៌ារុស្ស៊ី មុននឹងហូរចូលទៅក្នុងសមុទ្រជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ ទន្លេនេះបានខណ្ឌចែកព្រំដែនធម្មជាតិរវាងចិន និងរុស្ស៊ីទៀតផង។ ទន្លេនេះមានប្រវែងប្រហែល៤៤៨០គីឡូម៉ែត្រ។ វាគាំទ្រដល់ជម្រកសត្វព្រៃចម្រុះ រួមទាំងប្រភេទសត្វជិតផុតពូជ។ ទន្លេ​នេះពិតជាមាន​សារសំខាន់ជាខ្លាំង​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម​រវាង​ចិន និង​រុស្ស៊ី។

ទន្លេអាម៊ួ
ទន្លេអាម៊ួ

គួរបញ្ជាក់ផងដែរថា បើទោះបីជាទន្លេមេគង្គមិនស្ថិតក្នុងចំណោមលំដាប់នៃទន្លេដែលវែលជាងគេទាំង១០ខាងលើនេះក៏ដោយ ប៉ុន្តែទន្លេមេគង្គក៏ជាទន្លេដែលវែងជាងគេបំផុតមួយនៅលើភពផែនដីនេះផងដែរ ដោយមានប្រវែងសរុបចំនួន៤៣៥០គីឡូម៉ែត្រ។ ទន្លេនេះមានប្រភពចេញពីតំបន់ខ្ពង់រាបទីបេ ហើយជាទន្លេដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដែលហូរកាត់ប្រទេសជាច្រើនរួមមាន៖ ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ហើយ​បន្តហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ជាក់ស្តែង ទន្លេមេគង្គនៅប្រទេសកម្ពុជាមានប្រវែង៥០០គីឡូម៉ែត្រ ហូរកាត់ខេត្តចំនួន៥ គឺស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងខេត្តព្រៃវែង។ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីតាំងភូមិសាស្ត្រ និងសេដ្ឋកិច្ចរបស់ប្រទេស និងជាចរន្តទឹកដ៏ធំមួយជួយឱ្យទន្លេសាបកម្ពុជា ក្លាយជាជង្រុកត្រីទឹកសាបដ៏សម្បូរបែប។ ជាពិសេស វាបង្កើតបានជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ហើយវាជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រព័ន្ធធារាសាស្ត្រ ការនេសាទ និងការដឹកជញ្ជូនជាដើម។ ទន្លេមេគង្គមានសារសំខាន់យ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ច និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី៕

ទន្លេមេគង្គ
ទន្លេមេគង្គ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត